“ក្តាមសេះកែប” ត្រៀមចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ សាលាខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ។ ដោយមានការចូលរួមពី លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អភិបាលរង នៃគណៈអភិបាលខេត្តកែប, អគ្គនាយកសេវាពាណិជ្ជកម្ម , ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកនេសាទ និងអាជីវករ ជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីផ្ដល់ចំណេះដឹង និងផ្សព្វផ្សាយពីគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងការចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា ជាពិសេសមូលដ្ឋានគ្រឹះនៃការរៀបចំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការប្រមូលធាតុចូលពីអ្នកចូលរួម ដើម្បីរៀបចំជាសៀវភៅបន្ទុក ក្នុងការត្រៀមរៀបចំចុះបញ្ជី “ក្តាមសេះកែប” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

លោក កឹម សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាក្នុងការចូលរួមចំណែកពង្រឹង និងកសាងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងតំបន់ បង្កើនខ្សែច្រវាក់តម្លៃនៃផលិតផល ការទាក់ទាញភ្ញៀវទេសចរ បង្កើនស្តង់ដារអនាម័យ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

លោកបន្ថែមថា តាមរយៈបទពិសោធន៍របស់ក្រសួងពាណិជ្ជកម្មក្នុងការជួយរៀបចំឱ្យមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពកន្លងមក ពិតជាបានផ្ដល់នូវលទ្ធផលវិជ្ជមានជាច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែត្រូវតែផ្សារភ្ជាប់ជាមួយការគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬម៉ាកសមូហភាពឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារផលិតផល ស្របតាមស្មារតីនៃលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកផងដែរ។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រពីមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា និងសហការគ្នាផ្លាស់ប្ដូរយោបល់ជាមួយអ្នកជំនាញការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីទទួលបានធាតុចូលសំខាន់ៗក្នុងការចងក្រងឯកសារពាក់ព័ន្ធនឹង «ក្តាមសេះកែប» ដើម្បីអាចឈានទៅរៀបចំជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមសេះកែប» ទទួលបានជោគជ័យនាពេលខាងមុខ៕