កម្ពុជា-អាមេរិក រួមគ្នាពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងបរិស្ថាន និងទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ បានប្តេជ្ញារួមគ្នាពពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាព។នេះបើយោងតាមជំនួបពិភាក្សារវាងលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ជាមួយលោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើស ធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានលើកពីជំហរយ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា ក្នុងការការពារធនធានធម្មជាតិ។ លោកបន្តថា ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះរាល់សកម្មភាពល្មើស​ពាក់ព័ន្ធនឹងធនធានធម្មជាតិ ដោយស្មើភាព និងគ្មានការលើកលែង។ រាល់ករណីល្មើស ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។

ជាមួយគ្នានេះ លោក Devineni Udaykiran បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងបរិស្ថាន។លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារ ស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ក្នុងការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់បច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងបទល្មើសធនធានធម្មជាតិ សំដៅគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

សូមជម្រាបដែរថា ទន្ទឹមនឹងវិធានការច្បាប់ ឆ្លៀតឱកាសនោះរដ្ឋមន្ត្រីបរស្ថាន ក៏បានលើកឡើងពីការជំរុញ ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសការយកចិត្តទុកដាក់លើមុំ «ភាពបៃតង ២.១» ដែលផ្តោតលើការស្ដារ និងពង្រីកគម្របព្រៃឈើ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញ នូវប្រព័ន្ធតាមដានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពថែមទៀត៕ អត្ថបទ៖ហ្សាលីន