ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង អគ្គនាយកក្រុមហ៊ុន ចាស្តស្ទីន វីលេច ឯ.ក. ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមការប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង ត្រូវបានគេស្គាល់ថា ជាទីប្រឹក្សាព្រឹទ្ធសភា និងជាម្ចាស់រមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីលេច” (Justin Village) ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល ស្រុកត្រាំកក់ ខេត្តតាកែវ។ រមណីយដ្ឋាន ចាស្តស្ទីន វីលេច បានចូលរួមចំណែកយ៉ាងធំក្នុងការផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជួយលើកស្ទួយទេសចរណ៍ទាំងក្នុង និងក្រៅស្រុក។ លោក តាំង គង់ស្រេង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា។
សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕




