កម្ពុជា-សិង្ហបុរី នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៤

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យទេសចរណ៍ សេដ្ឋកិច្ចឌីជីថល ថាមពល និងសន្តិសុខស្បៀងអាហារ​ឱ្យកាន់តែខ្លាំងបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ជាមួយលោក Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក សួស យ៉ារ៉ា បានសម្តែងការស្វាគមន៍លោក Steven Pang ក្នុងឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីសិង្ហបុរី ដើម្បីលើកកម្ពស់ទំនាក់ទំនងសភា និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក Steven Pang បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងសិង្ហបុរី និងកម្ពុជា។ លោកក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត។កិច្ចពិភាក្សាបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យទេសចរណ៍ សេដ្ឋកិច្ចឌីជីថល ថាមពល និងសន្តិសុខស្បៀងអាហារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងវិបុលភាពរួមនៃប្រទេសទាំងពីរបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន