ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្តែងការមិនពេញចិត្តរបស់លោក ដោយលើកឡើងថាក្រុមហ៊ុនប្រេងអាមេរិកកំពុងកើបលុយបានច្រើនពេក ដោយសារតែតម្លៃកើនឡើងដែលជំរុញដោយជម្លោះនៅអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី៣ ខែសីហាថា ៖”ខ្ញុំមិនចូលចិត្តវាទេ។ ពួកគេកំពុងរកលុយបានច្រើនពេក ដោយសារតែកង្វះខាតការផ្គត់ផ្គង់។ ប្រហែលជាខ្ញុំគួរតែជាមនុស្សចុងក្រោយដែលនិយាយរិះគន់បែបនេះ ព្រោះតែខ្ញុំកន្លងមកជាអ្នកគាំទ្រយ៉ាងខ្លាំងដល់សេដ្ឋកិច្ចទីផ្សារសេរី”។
គួរឲ្យដឹងថាក្រុមហ៊ុនប្រេង និងឧស្ម័នធំៗពីររបស់សហរដ្ឋអាមេរិក គឺ ExxonMobil និង Chevron បានប្រកាសពីលទ្ធផលប្រាក់ចំណូលល្អជាងការរំពឹងទុកនៅថ្ងៃទី៣១ ខែកក្កដា ខណៈពេលដែលតម្លៃថាមពលកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាដែលបានទូទាត់សងទាំងស្រុងនូវផលប៉ះពាល់ជាអវិជ្ជមានលើប្រតិបត្តិការរបស់ពួកគេ។
ប្រាក់ចំណេញនៅត្រីមាសទីពីររបស់ ExxonMobil បានកើនឡើងទ្វេដងដល់ ១៤,៥ពាន់លានដុល្លារ ខណៈពេលដែលប្រាក់ចំណេញរបស់ Chevron ឈានដល់ ១២,១ពាន់លានដុល្លារ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ទៅប្រាំដង។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេង និងឧស្ម័នធំៗជាច្រើនផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍ពីប្រាក់ចំណេញយ៉ាងច្រើនរបស់ពួកគេផងដែរ ដោយសារតម្លៃប្រេងកើនឡើងក្នុងអំឡុងពេលមានជម្លោះនេះ។
យ៉ាងណាមិញ ខណៈពេលដែលក្រុមហ៊ុនប្រេង និងឧស្ម័នធំៗទាំងនេះកំពុងកើបលុយបានយ៉ាងច្រើន ប្រធានាធិបតីអាមេរិក ក៏កំពុងអំពាវនាវឱ្យក្រុមហ៊ុនប្រេងទាំងនោះបញ្ចុះតម្លៃសាំងលក់រាយ សម្រាប់អ្នកប្រើប្រាស់។
លោក ត្រាំ បាននិយាយបន្ថែមទៀតថា នៅពេលដែលក្រុមហ៊ុនមួយរកលុយបានច្រើនជាងឆ្នាំមុន ដល់ទៅ ១២ ដង ពួកគេគួរតែចែករំលែកប្រាក់ចំណេញខ្លះជាមួយប្រជាជន ជាពិសេសដោយការបន្ថយតម្លៃលក់រាយ ដែលជាតម្លៃដែលអ្នកប្រើប្រាស់ត្រូវចំណាយ។ ពួកគេបានកើបលុយចំណែញជាច្រើនរួចទៅហើយ។ និយាយឲ្យត្រង់ចុះខ្ញុំមិនសប្បាយចិត្តទៅនឹងរឿងទាំងនេះឡើយ៕

