អតីតឧត្តសេនីយជាន់ខ្ពស់ លោក Re’em Aminach ប៉ាន់ប្រមាណថា យោធារបស់អ៊ីស្រាអែល បានប្រើប្រាស់អាវុធមានតម្លៃជិត ៧២៥លានដុល្លារ ជារៀងរាល់ថ្ងៃ ដើម្បីវាយប្រហារ និងស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
លោកAminach ដែលជាអតីតទីប្រឹក្សាហិរញ្ញវត្ថុនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃតី១៥ ខែមិថុនាថា ក្នុងរយ:ពេលត្រឹមតែពីរថ្ងៃដំបូងនៃជម្លោហជាមួយអ៊ីរ៉ង់ យោធារបស់អ៊ីស្រាអែល បានចំណាយអស់ប្រហែល ៥,៥ពាន់លាន shekels (១,៤៥ពាន់លានដុល្លារ) លើប្រតិបត្តិការវាយលុក និងការពារ។
បើយោងតាមការប៉ាន់ស្មានរបស់ IDF នេះ គឺអាចស្មើទៅនឹងការចំណាយប្រហែល ៧២៥លានដុល្លារ ក្នុងមួយថ្ងៃ លើថ្លៃយោធាផ្ទាល់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ស្របពេលចំនួននេះ នៅមិនគិតដល់ការខូចខាតទ្រព្យសម្បត្តិជនស៊ីវិល និងផលប៉ះពាល់ដល់សេដ្ឋកិច្ច នៅឡើយ។
ទន្ទឹមនឹងនេះ យោងតាមក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានកំណត់ពិដានឱនភាពចំនួន ៤,៩% នៃផលិតផលក្នុងស្រុកសរុប (ឬប្រហែល ២៧,៦ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ ថវិកាជាតិរបស់អ៊ីស្រាអែល ត្រូវបានរួមបញ្ចូលទាំងទុនបម្រុងសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន ប៉ុន្តែភាគច្រើនត្រូវបានបំផ្លាញរួចមកហើយ ដោយសារជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប និងលីបង់។
ហើយជាលទ្ធផលនៃជម្លោះដែលកំពុងតែបន្តនេះ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២៥ ពី ៤,៣% មកនៅត្រឹម ៣,៦% វិញ។
ជម្រាបជូនផងដែរថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមបើកការប្រយុទ្ធគ្នាដោយផ្ទាល់ នៅថ្ងៃទី១៣ ខែមិថុនា តាមរយ:ការវាយប្រហារតាមអាកាស ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្សអស់ជាច្រើននាក់៕