Amazon កើនតម្លៃមូលធនទីផ្សារដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូង

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានកើនឡើងដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូងកាលពីថ្ងៃចន្ទ ដែលត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃភាគហ៊ុន បន្ទាប់ពីទទួលបានប្រាក់ចំណេញដ៏រឹងមាំ និងសញ្ញាបង្ហាញថាការរីកចម្រើននៃបច្ចេកវិទ្យា AI កំពុងជំរុញតម្រូវការថ្មីសម្រាប់សេវាកម្ម Cloud-computing របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគហ៊ុនរបស់ Amazon បានកើនឡើង ៥% ដល់ជាង ២៨៥ដុល្លារ/ហ៊ុន ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន។ គិតរហូតមកដល់ពេលនេះ នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សនេះ កើនឡើងជាង ២៣% រួចមកហើយ។

គួរឲ្យដឹងផងដែរថា Amazon បានចូលរួមជាមួយក្រុមក្រុមហ៊ុនកំពូលៗផ្សេងទៀតដែលបានឈានដល់មូលធនទីផ្សារចំនួន ៣ទ្រីលានដុល្លារ។ ក្នុងនោះ Apple, Microsoft, Alphabet និង Nvidia សុទ្ធសឹងតែធ្លាប់បានឆ្លងកាត់កម្រិតនេះពីមុនមក ដោយ Nvidia បច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកដែលមានមូលធនទីផ្សារជិត ៥ទ្រីលានដុល្លារ។

ជម្រាបជូនថា ជុំវិញការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីសប្តាហ៍មុន នៅពេលដែលភាគហ៊ុនបានកត់ត្រាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែមេសា ឆ្នាំ២០១២ បន្ទាប់ពី Amazon បានរាយការណ៍ពីកំណើននៃតម្រូវការសេវាកម្ម Cloud-computing របស់ខ្លួន ខ្លាំងបំផុតក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ៕​