ការិយាល័យថវិកាសភាសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថាប្រទេសខ្លួន អាចចំណាយទឹកប្រាក់រហូតដល់ ២៧៥ពាន់លានដុល្លារ ដើម្បីសាងសង់នាវាចម្បាំងទំនើបបំផុតប្រភេទ Trump-class ថ្មីៗចំនួន ១៥ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ការិយាល័យថវិកាសភាសហរដ្ឋអាមេរិក (CBO) បានប៉ាន់ប្រមាណថាតម្លៃនៃនាវាចម្បាំងប្រភេទ Trump-class ដំបូង ដែលមានឈ្មោះបណ្តោះអាសន្នថា USS Defiant ក្នុងមួយគ្រឿងមានតម្លៃប្រហែល ២៣,៤ពាន់លានដុល្លារ។ ហើយចំពោះការសាងសង់អាចចាប់ផ្តើមនៅឆ្នាំ២០២៨ និងប្រើពេលប្រាំបីឆ្នាំដើម្បីបញ្ចប់។
យ៉ាងណាមិញ ចំពោះនាវាចម្បាំង Trump-class ចំនួន ១៤ គ្រឿងបន្ទាប់នឹងមានតម្លៃជាមធ្យមប្រហែល ១៨ពាន់លានដុល្លារក្នុងមួយគ្រឿង។ ដោយផ្អែកលើតម្លៃបច្ចុប្បន្ន កងនាវាចម្បាំង Trump-class ចំនួន ១៥ គ្រឿងដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិកមានគម្រោងអភិវឌ្ឍទាំងនេះ អាចមានតម្លៃសរុបប្រហែល ២៧៥ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០២៧ ដល់២០៥៦។
គួរឲ្យដឹងថា តួលេខនេះគ្របដណ្តប់តែថ្លៃដើមនៃការសាងសង់នាវាប៉ុណ្ណោះ ហើយមិនរាប់បញ្ចូលថវិកាសម្រាប់ទិញអាវុធ ការបំពាក់ឧបករណ៍ ប្រតិបត្តិការ ការធ្វើឱ្យប្រសើរឡើង និងការថែទាំក្នុងអំឡុងពេលដាក់ឱ្យដំណើរការនៅឡើយនោះទេ។
បើប្រៀបធៀបទៅនឹងនាវាចម្បាំងទំនើបបំផុត Ford-class ដែលកំពុងបម្រើការឲ្យសហរដ្ឋអាមេរិក មានតម្លៃប្រហែល ១៣,៣ពាន់លានដុល្លារក្នុងមួយគ្រឿង សាងសង់ឡើងដំបូងក្នុងឆ្នាំ២០០៨ ហើយបើគិតក្នុងពេលបច្ចុប្បន្ននាវានេះមានតម្លៃប្រហែល ២០ពាន់លានដុល្លារ។
ជម្រាបជូនថា នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងសាងសង់ “នាវាចម្បាំងទំនើបបំផុត” ជាបន្តបន្ទាប់ដែលដាក់តាមឈ្មោះរបស់លោក។ ហើយបើទោះបីជាលោក ត្រាំ បានហៅពួកវាថា នាវាចម្បាំងពិសេសបំផុតគ្មានគូប្រៀបក៏ដោយ ប៉ុន្តែបើមើលលើរូបរាង និងអាវុធ គឺស្រដៀងគ្នាទៅនឹងនាវាចម្បាំង និងនាវាពិឃាតធំៗដែលកំពុងត្រូវបានអភិវឌ្ឍដោយប្រទេសជាច្រើនផ្សេងទៀតដែរ៕

