នារសៀលថ្ងៃព្រហស្សតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានអង្គការមូលនិធិរ៉ូតារីនៅកម្ពុជា បានអមដំណើរលោកស្រី Jennifer Scott ប្រេសិទ្ធពិសេសរ៉ូតារីអន្តរជាតិ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា បានថ្លែងអំណរគុណ ប្រកបដោយក្តីសោមនស្សរីករាយ ដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បានអនុញ្ញាតឱ្យគណៈប្រតិភូរ៉ូតារីទាំងពីរ កម្ពុជា-អូស្រ្តាលី បានចូលជួបសម្តែងការគួរសមនាពេលនេះ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នេះសរបញ្ជាក់អំពីការយកចិត្តទុក្ខ និងការគាំទ្ររបស់ស្ថានទូតអូស្រ្តាលី ដល់ស្ថាប័នយើងទាំងពីរ បន្ថែមពីនេះ អ្នកឧកញ៉ា បានបញ្ជាក់ថា រ៉ូតារីនៃប្រទេសទាំងពីរបាននិងកំពុងខិតខំប្រឹងប្រែង និងពង្រីកវិសាលភាពការងារមនុស្សធម៌របស់ខ្លួនបន្ថែមទៀត ដើម្បីចូលជាវិភាគទានសហថាមពលបន្ថែម ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យសំខាន់ៗចំនួនប្រាំពីរ រួមមាន ទឹកនិងអនាម័យ, ការអភិវឌ្ឍសេដ្ឋកិច្ចនិងសហគម, គាពារមាតានិងសុខភាពកុមារ, បរិស្ថាន, ការអប់រំមូលដ្ឋាននិងអក្ខរកម្ម, ការបង្កានិងព្យាបាលជំងឺ, និងការពារសន្តិភាពនិងដោះស្រាយជម្លោះ។
អ្នកឧញ៉ា អ៊ឹង លីហេង ក៏បានគោរពការណ៍ជូន ឯកឧត្តមអគ្គរដ្ឋទូត ពី (១) វឌ្ឍនភាពនៃប្រតិបត្តិការរវាងរ៉ូតារីកម្ពុជានិងរ៉ូតារីអន្តរជាតិ (២) ការពង្រីកកិច្ចសហប្រតិបត្តិការរវាងរ៉ូតារីកម្ពុជា និងអូស្រ្តាលី (៣) ការផ្លាស់ប្តូរវប្បធម៌ តាមរយៈការតភ្ជាប់រវាងប្រជាជននិងប្រជាជន និង (៤)ការអភិវឌ្ឍធនធានមនុស្សឆ្លើយតបតាម ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្វាគមន៍ និងថ្លែងសាទរចំពោះសេចក្តីរាយការណ៍ពីវឌ្ឍនភាពរបស់រ៉ូតារីកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់កន្លងមក រួមចំណែកដល់ការអភិវឌ្ឍកម្ពុជា តាមរយៈការងារនិងបេសសកម្មមនុស្សធម៌នៅកម្ពុជាកន្លងមក។ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់រ៉ូតារីអូស្រ្តាលី ជាមួយនឹងរ៉ូតារីកម្ពុជា ជាកម្លំាងចលករមួយក្នុងការពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផង ដើម្បីចូលរួមវិភាគទានដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាផង តាមរយៈសកម្មភាពចុះជួយនៅតាមជនបទនៃប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តឱ្យរ៉ូតារីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា។
នៅចុងបញ្ចប់ អ្នកឧកញ៉ា បានគោរជូនពរ ឯកឧត្តម Derek Yip និងសហការី បន្តសម្រេចបាននូវជោគជ័យនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា និងបានប្តេជ្ញាចិត្តនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹងតួនាទីរបស់រ៉ូតារីនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកដល់បុព្វហេតុរួម ឈរលើស្មារតីនៃផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជន និងប្រទេសយើងទាំងពីរ កម្ពុជា-អូស្រ្តាលី។



