កម្ពុជា និងប្រទេស៤ទៀត រួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យគ្រប់គ្រងទឹកកខ្វក់អាស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងប្រទេស៤ទៀតដែលជាសមាជិកនៃភាពជាដៃគូគ្រប់គ្រងទឹកកខ្វក់អាស៊ី បានរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យគ្រប់គ្រងទឹកកខ្វក់អាស៊ីឱ្យកាន់តែប្រសើរថែមទៀត។នេះបើយោងតាមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ មន្ត្រីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៦ (6th Operation Committee) នៃភាពជាដៃគូគ្រប់គ្រងទឹកកខ្វក់អាស៊ី (Asia Wastewater Management Partnership: AWaP) ដែលរៀបចំដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (Ministry of Land, Infrastructure, Transport and Tourism: MLIT) នៃប្រទេសជប៉ុន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកវិស័យទឹកកខ្វក់នៃបណ្តាប្រទេសជាសមាជិក AWaP រួមមាន ប្រទេសបង់ក្លាដេស ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជា។

កិច្ចប្រជុំនេះ គឺមានគោលបំណងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ប្រទេសសមាជិកនីមួយៗ ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការ AWaP ព្រមទាំងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យនេះ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យ និងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (Cambodia Sustainable Development Goals: CSDGs) ចំណុចទី៦.៣ ក្រោមគោលដៅទី៦ ស្តីពី «ទឹកស្អាត និងអនាម័យ» ដែលផ្តោតលើការកែលម្អគុណភាពទឹក ការកាត់បន្ថយការបំពុល ការគ្រប់គ្រងសំណល់រាវ និងការបង្កើនការប្រព្រឹត្តិកម្មទឹកកខ្វក់ប្រកបដោយសុវត្ថិភាព ឱ្យសម្រេចបាននៅត្រឹមឆ្នាំ២០៣០។

បន្ថែមពីលើកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ក៏មានការរៀបចំសិក្ខាសាលាបច្ចេកទេស (Technical Seminar) ដែលបានផ្តល់វេទិកាដល់ប្រទេសជាសមាជិកក្នុងការលើកឡើងពីតម្រូវការផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសឈានមុខរបស់ប្រទេសជប៉ុន សរុបចំនួន ១២ ក្រុមហ៊ុន បានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា ដំណោះស្រាយ និងបទពិសោធន៍ថ្មីៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់នៅក្នុងបណ្តាប្រទេសជាសមាជិក AWaP ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពផងដែរ៕អត្ថបទ៖ហ្សាលីន