យោងតាមរបាយការណ៍ថ្មីៗមួយបានឱ្យដឹងថា ការវិនិយោគរបស់ប្រទេសសិង្ហបុរីលើថាមពលពន្លឺព្រះអាទិត្យ បានជួយសន្សំសំចៃថ្លៃដើមនៃការនាំចូលប្រេងឥន្ធនៈហ្វូស៊ីលសម្រាប់ផលិតអគ្គិសនីបានប្រមាណ ៩៧លានដុល្លារ ក្នុងរយៈពេល ៥ខែ ដំបូងឆ្នាំ២០២៦ នេះ ខណៈពេលដែលតម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលវិបត្តិនៅច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាពីសារព័ត៌មាន CNA។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីចុងខែសីហា ដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ បានឱ្យដឹងថា ការសន្សំសំចៃស្ទើរតែទាំងអស់នេះបានមកពីការកាត់បន្ថយការនាំចូលឧស្ម័ន។
ប៉ុន្តែទោះបីជាមានការសន្សំសំចៃទាំងនេះក៏ដោយ អង្គការស្រាវជ្រាវឯករាជ្យមួយនេះ ក៏បានរកឃើញថា ការពឹងផ្អែករបស់សិង្ហបុរីលើការនាំចូលឥន្ធនៈហ្វូស៊ីល បានបណ្តាលឱ្យមានចំណាយបន្ថែមលើប្រេងឥន្ធនៈសរុបចំនួន ៨,១ពាន់លានដុល្លារ ក្នុងអំឡុងពេល ៦ខែបន្ទាប់ពីមានការផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។
គួរជម្រាបជូនផងដែរថា ប្រទេសសិង្ហបុរីបាន និងកំពុងពង្រីកការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលជាទម្រង់ថាមពលកកើតឡើងវិញដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសនេះ។កាលពីខែកុម្ភៈ សិង្ហបុរីបានដំឡើងគោលដៅដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនពី ២ GW ទៅ ៣ GW នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីសម្រេចបានគោលដៅដើមរបស់ខ្លួនក្នុងឆ្នាំ២០២៥ តាមរយៈការដំឡើងផ្ទាំងសូឡានៅលើដំបូលផ្ទះ អាងស្តុកទឹក និងទីតាំងផ្សេងៗទៀត៕

