ក្រុម CLG កម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ខេត្តព្រះវិហារ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានបញ្ជាក់ថា​ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
 
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕