ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សហការជាមួយ KOCHAM CAMBODIA និងក្រុមហ៊ុន មូលបត្រ កម្ពុ ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏ធំ ដើម្បីឆ្ពោះទៅកាន់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)

សង្គម​ និង​សេដ្ឋកិច្ច

[ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦] ៖ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានសហការជាមួយសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM CAMBODIA) និងក្រុមហ៊ុន មូលបត្រ កម្ពុ ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ដ៏ធំមួយ ក្នុងគោលបំណងបង្ហាញពីការត្រៀមខ្លួន និងការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅកាន់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារលំដាប់អន្តរជាតិ The Fairfield by Marriott Phnom Penh។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីរ៉ូដសូដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក រួមជាមួយថ្នាក់ដឹកនាំកំពូលៗ និងដៃគូយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖

Mr. Kim Robin ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (Chairman of KOCHAM CAMBODIA)

Dr. Prom Visoth អគ្គនាយកក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ភីអិលស៊ី (CEO of ACLEDA Securities Plc)

Mr. Thai Nha អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារប្រឹក្សាមូលបត្រ កាណាឌីយ៉ា (CEO of Cana Securities Co., Ltd)

Mr. Sam Kokheng, ក្រុមហ៊ុន មូលបត្រ កម្ពុ ម.ក (Campu Securities Plc)

ព្រឹត្តិការណ៍នេះ បានទាក់ទាញការចូលរួមពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ដៃគូអាជីវកម្ម តំណាងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីស្វែងយល់អំពីឱកាសវិនិយោគ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងទស្សនវិស័យរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែលត្រៀមខ្លួនឈានជើងចូលទីផ្សារភាគហ៊ុន។

នៅក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍បង្ហាញពីមោទនភាពចំពោះរបត់ថ្មីរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់ថា៖ «ការរៀបចំកម្មវិធី Roadshow នាថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីភាពរឹងមាំ តម្លាភាព និងទំនុកចិត្តខ្ពស់ដែល បុរី វិមានសំណាង បានសាងសង់ឡើង។ កិច្ចសហការជាមួយ KOCHAM និងដៃគូមូលបត្រធំៗដូចជា Campu Securities, ACLEDA Securities និង Cana Securities នឹងក្លាយជាកាតាលីករជំរុញឲ្យដំណើរការ IPO របស់យើងប្រព្រឹត្តទៅដោយជោគជ័យ ដែលមិនត្រឹមតែពង្រីកសក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសមាសដល់សាធារណជន និងវិនិយោគិនក្នុងការក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនជាមួយយើង»។

ទន្ទឹមនឹងនេះ តំណាងពី KOCHAM CAMBODIA និងអគ្គនាយកនៃក្រុមហ៊ុនមូលបត្រទាំងពីរ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទីផ្សារទុន និងសេដ្ឋកិច្ចជាតិនៅកម្ពុជា។

កម្មវិធី Roadshow នេះមិនត្រឹមតែជាការបង្ហាញពីដំណើរឆ្ពោះទៅកាន់ការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងវិនិយោគិនកូរ៉េ និងកម្ពុជា ក្នុងការបើកទំព័រថ្មីនៃវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជាផងដែរ៕

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh