ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងវិវាទព្រំដែន ពេលនេះបានធ្លាក់ចូលក្នុងដៃក្រឡាបញ្ជី ICJ ហើយ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្នុងការស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីជាមួយថៃ៕