សារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg មកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg បានមកធ្វើបទសម្ភាសន៍លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ ព្រមទាំងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រូបលោក បានផ្តល់បទសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ដោយលោកថា កិច្ចភាក្សានេះបានផ្តោតយ៉ាងស៊ីជម្រៅលើ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិ សំដៅបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានអះអាងថា ការផ្តល់បទសម្ភាសន៍ជូន Bloomberg នាព្រឹកនេះ ជាការបោះជំហានដ៏សំខាន់មួយដើម្បីពង្រឹងទំនុកចិត្តវិនិយោគិនសកល និងផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជានៅលើទីផ្សារធុរកិច្ចអន្តរជាតិ ដោយបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍រាល់គ្រប់គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស និងការផ្តល់នូវបរិយាកាសវិនិយោគដែលប្រកបដោយចីរភាព និងផលចំណេញខ្ពស់។

សូមជម្រាបដែរថា កិច្ចសម្ភាសន៍នេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាត់ទុកថា គឺជាវេទិកាឆ្លុះបង្ហាញឱ្យឃើញភាពចាស់ទុំនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែល នឹងត្រូវផ្សព្វផ្សាយទៅកាន់អ្នកតាមដានសេដ្ឋកិច្ចរាប់លាននាក់នៅទូទាំងពិភពលោក ហើយត្រូវបានរំពឹងថានឹងជួយជំរុញលំហូរទុនវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ៕អត្ថបទ៖ហ្សាលីន