ឧកញ៉ា​ តុង​ ហុកសេង​ ឪពុក​របស់​ឈ្មោះ​ សាម​ ម៉ីជូ​ ផ្តល់ជូនសំណង​ ៦ម៉ឺនដុល្លារ ដល់ប្រពន្ធជនរងគ្រោះ ​សម្របសម្រួលគ្នាបញ្ចប់រឿងជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា​ តុង​ ហុកសេង ឪពុករបស់ស្ដ្រីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ បានព្រមព្រៀងប្រគល់ថវិកាចំនួន ៦ម៉ឺន​ដុល្លារអាមេរិក ​ជូនទៅ​ឈ្មោះ​ គឿន​ ប៉ុន្នី​ ប្រពន្ធជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងបានព្រមព្រៀង​សម្របសម្រួលបញ្ចប់វិវាទដោយស្មារតី​គោរពរាប់អាន និងយោគយល់គ្នា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ម្សិល​មិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្របសម្រួល​នេះ​បាន​ធ្វើ​ឡើងនៅ​រសៀលថ្ងៃទី​៦​ ខែ​សីហា​​ នៅ​សាលា​ឃុំ​ខ្ចៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ដោយមានការចូលរួម​ពី​មន្រ្តី​សាលា​ឃុំ​ និង​មេធាវី​ផងដែរ​។ គួរបញ្ជាក់ថា​នេះ​គ្រាន់តែ​ជា​ សំណងផ្នែក​រដ្ឋប្បវេណី​ជូនក្រុមគ្រួសារ​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​។ ដោយឡែក​ឈ្មោះ​ សាម​ ម៉ីជូ​ ជនបង្ករ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ ពន្ធនាគារ​រាជធានីភ្នំពេញ​ (PJ) នៅតែ​បន្ត​ផ្ដន្ទាទោសផ្នែកព្រហ្មទណ្ឌ​តាមច្បាប់​ដដែល​។

គួររំឭកថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅមុខផ្សារ​អីអន២ ដោយរថយន្តម៉ាក AVATR 11 បានបុកម៉ូតូ​បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ ជនបង្កឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវបានចោទ​ប្រកាន់ពីបទ​បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃ។ បន្ទាប់មក តំណាងអយ្យការ បានចោទ​ប្រកាន់​ឈ្មោះ សាម ម៉ីជូ ​ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាល​ឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន ហើយត្រូវ​តុលាការ​សម្រេចឃុំ​ខ្លួននៅក្នុងពន្ធនាគារ​បណ្តោះអាសន្ន៕