មហាសេដ្ឋី លោក Lucio Tan ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឡើងដល់ចំណាត់ថ្នាក់ទីប្រាំមួយ ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីន ក្នុងខែនេះ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ធ្វើការពង្រីកជើងហោះហើររបស់ខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ពីតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។

យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Tan ឥឡូវនេះមានចំនួន ២,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកហក់ឡើងមកកាន់ចំណាត់ថ្នាក់ទី៦ ពីចំណាត់ថ្នាក់ទីប្រាំបីក្នុងឆ្នាំ២០២៥ និងទីប្រាំពីរក្នុងឆ្នាំ២០២៤។
គួរឲ្យដឹងថា ជុំវិញការកើនឡើងនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines កាលពីខែមុនបានយល់ព្រមបញ្ជាទិញយន្តហោះថ្មីៗចំនួន ៣៤ គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ដោយមានតម្លៃសរុបលើសពី ១២ពាន់លានដុល្លារ។
ហើយយ៉ាងណាមិញ ការបញ្ជាទិញយន្តហោះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បានរៃអង្គាសទឹកប្រាក់បានចំនួន ៣០០លានដុល្លារតាមរយៈការលក់មូលបត្របំណុលរយៈពេលប្រាំឆ្នាំ កាលពីដើមខែនេះ។
ជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានអាយុកាល ៨៥ឆ្នាំនេះ កំពុងពន្លឿនការធ្វើទំនើបកម្ម និងការពង្រីកជើងហោះហើរបស់ខ្លួន ខណៈពេលដែលប្រាក់ចំណូលកំពុងងើបឡើងវិញ។ ប្រាក់ចំណេញសុទ្ធបានកើនឡើង ៣៧% ដល់ ៩,៦ពាន់លានប៉េសូ (១៦០លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៥ ខណៈពេលដែលប្រាក់ចំណូលបានកើនឡើង ៣,២% ដល់ ១៨៤ពាន់លានប៉េសូ ក្នុងរយៈពេលដូចគ្នា៕

