ស្ងាត់ៗ​ មេធំក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ឡើងតំណែងអ្នកមានបំផុតទី៦ របស់ប្រទេស

អន្តរជាតិ

មហាសេដ្ឋី លោក Lucio Tan ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឡើងដល់ចំណាត់ថ្នាក់ទីប្រាំមួយ ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីន ក្នុងខែនេះ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ធ្វើការពង្រីកជើងហោះហើររបស់ខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ពីតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Tan ឥឡូវនេះមានចំនួន ២,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកហក់ឡើងមកកាន់ចំណាត់ថ្នាក់ទី៦ ពីចំណាត់ថ្នាក់ទីប្រាំបីក្នុងឆ្នាំ២០២៥ និងទីប្រាំពីរក្នុងឆ្នាំ២០២៤។

គួរឲ្យដឹងថា ជុំវិញការកើនឡើងនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines កាលពីខែមុនបានយល់ព្រមបញ្ជាទិញយន្តហោះថ្មីៗចំនួន ៣៤ គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ដោយមានតម្លៃសរុបលើសពី ១២ពាន់លានដុល្លារ។

ហើយយ៉ាងណាមិញ ការបញ្ជាទិញយន្តហោះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បានរៃអង្គាសទឹកប្រាក់បានចំនួន ៣០០លានដុល្លារតាមរយៈការលក់មូលបត្របំណុលរយៈពេលប្រាំឆ្នាំ កាលពីដើមខែនេះ។

ជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានអាយុកាល ៨៥ឆ្នាំនេះ កំពុងពន្លឿនការធ្វើទំនើបកម្ម និងការពង្រីកជើងហោះហើរបស់ខ្លួន ខណៈពេលដែលប្រាក់ចំណូលកំពុងងើបឡើងវិញ។ ប្រាក់ចំណេញសុទ្ធបានកើនឡើង ៣៧% ដល់ ៩,៦ពាន់លានប៉េសូ (១៦០លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៥ ខណៈពេលដែលប្រាក់ចំណូលបានកើនឡើង ៣,២% ដល់ ១៨៤ពាន់លានប៉េសូ ក្នុងរយៈពេលដូចគ្នា៕​