ថ្មីៗនេះ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានចែករំលែករូបភាពមួយសន្លឹកជូនទៅកាន់អ្នកគាំទ្រនូវទិដ្ឋភាពមួយ នៅក្នុងការ៉ាស់ដាក់ឡានរបស់លោក ដែលផ្តុំទៅដោយរថយន្តស៊េរីទំនើបៗ ជាច្រើនដែលមានតម្លៃរាប់សិបលានដុល្លារ រួមទាំងប្រភេទរថយន្តដ៏កម្រលើលោក ដូចជា Bugatti Centodieci និង Ferrari Daytona SP3 ផងដែរ។

យោងតាមការចុះផ្សាយរបស់ The Sun បានបង្ហាញថា ក្នុងនាមជាកីឡាករបាល់ទាត់ដែលអាចរកចំណូលបានច្រើនបំផុត Ronaldo មិនត្រឹមតែមានយន្តហោះផ្ទាល់ខ្លួនប៉ុណ្ណោះទេ រូបលោកក៏ជាអ្នកនិយមប្រមូលរថយន្តទុកផងដែរ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសរុបរហូតដល់ទៅ ២៣លានដុល្លារឯណោះ។
យ៉ាងណមិញ នៅក្នុងរូបថតមួយសន្លឹកដែលត្រូវបានចែកចាយលើបណ្តាញសង្គមនាពេលថ្មីៗនេះ Ronaldo ត្រូវបានគេឃើញឈរក្បែររថយន្ត Ferrari Daytona SP3 ពណ៌ក្រហម។ ហើយនៅក្បែរនោះក៏រួមាន រថយន្តកម្រ Bugatti Veyron Grand Sport Vitesse ពណ៌ត្នោតមួយគ្រឿងចតនៅខាងមុខ ខណៈរថយន្ត Bugatti Centodieci ដ៏កម្រមួយគ្រឿងផ្សេងទៀត ក៏ស្ថិតនៅក្នុងនោះផងដែរ។ រថយន្ត Bugatti Centodieci តែមួយគ្រឿងមានតម្លៃជាង ៩លានដុល្លាររួចទៅហើយ ដោយវាផលិតឡើងត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។
ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី HOLA បានបង្ហាញថា បច្ចុប្បន្ន Ronaldo មានរថយន្តប្រណីតៗប្រហែល ៤០ គ្រឿង ជាមួយនឹងម៉ាកល្បីៗដូចជា Bugatti, Ferrari, Lamborghini, Rolls-Royce និង Bentley ជាដើម។
គួរជម្រាបជូនផងដែរថា Ronaldo កាលពីពេលកន្លងទៅត្រូវបានទស្សវដ្តី Forbes ចាត់ថា្នក់ជាមហាសេដ្ឋីបាល់ទាត់ដំបូងគេរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១,៣ពាន់លានដុល្លារ៕

