គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ សាងសង់បានប្រមាណ ៣៦% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ស្ថិតក្នុងឆ្នាំទី២ សម្រេចបានលទ្ធផលជារួមប្រមាណ ៣៦% ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមដំណើរចុះត្រួតពិនិត្យការងារប្រចាំខែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល  ដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ។ដំណើរចុះពិនិត្យនេះ ក៏មានចូលរួមអមដំណើរចូលរួមពី ប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីជំនាញ តំណាងEDCF ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS និងមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

លោក រស់ វណ្ណា រដ្ឋលេខាធិការ បានឱ្យដឹងថា ដំណើរបេសកកម្មនេះធ្វើឡើងដើម្បីចុះត្រួតពិនិត្យលទ្ធផលការងារតាមការដ្ឋាន និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ លើកទិសដៅផែនការការងារបន្ត នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបដែរថា គម្រោងប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ​ ត្រូវ​បាន​បើកការសាងសង់ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលថ្ងៃទី៦ ខែ​ឧស​ភា ឆ្នាំ២០២៥។ គម្រោងនេះ ប្រើប្រាស់កម្ចីឥណ​ទានសម្បទានពីប្រទេសក៉ូរេ និង​ថវិកា​បដិភាគមួយចំនួន​របស់រដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការដោះស្រាយផលប៉ះពាល់ និង​ពន្ធ​អាករផ្សេងៗ។ គម្រោងនេះ នឹងត្រូវចំណាយ​​ពេល​សាង​​សង់ចំនួន៣៦ខែ ដោយគ្រោងបញ្ចប់ ក្នុងឆ្នាំ២០២៧។ ក្រុមហ៊ុន KUMHO-TECHCROSS គឺជាអ្នកទទួលខុសត្រូវសាងសង់ រីឯ ក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG របស់កូរ៉េ ទទួលខុសត្រូវលើការ ត្រួតពិនិត្យបច្ចេកទេស៕ អត្ថបទ៖ហ្សាលីន