សម្តេច ហ៊ុន សែន នឹងអញ្ជើញចូល​រួមកិច្ច​​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើកទី៤ នៅប្រទេស​ឡាវ នា​សប្តាហ៍​​ក្រោយ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​កំពូលគណៈ​កម្មការ​​ទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការ​សម្រាប់​​អាងទន្លេមេគង្គ ដែលមាន​សន្តិសុខទឹក និងប្រកបដោយចីរភាព” ដែល នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេ​ស​ឡាវ។ នេះបើយោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តី​ប្រកាស​ព័ត៌មាន បានឲ្យដឹងថា ការគ្រោងអញ្ជើញទៅ​ចូលរួមកិច្ច​ប្រជុំ​កំពូលគណៈកម្មការ​ទន្លេ​មេគង្គលើកទី៤ របស់​សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង​តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃ​សាធារ​ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី២រូប គឺលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ដទៃទៀតនៃរាជរដ្ឋា​ភិបា​ល​កម្ពុជា នឹងអញ្ជើញអមដំណើរ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ។

កិច្ច​ប្រជុំ​កំពូលគណៈកម្មការ​ទន្លេមេគង្គលើកទី៤ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផល​សំខាន់ៗ​ដែលគណៈ- កម្ម​កា​រ​ទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់​តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និង​ពិភា​ក្សា​អំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់​នូវទិសដៅ​យុទ្ធ​សា​ស្ត្រ​​នា ពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាង​ទន្លេមេគង្គឱ្យកាន់តែមាន​ប្រសិទ្ធភាព ព្រម​ទាំងបន្តជំរុញកិច្ចសហប្រតិបត្តិ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕