ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមដ៏មានអត្ថន័យ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ជាមួយស្វាមី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រីឧកញ៉ា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់យើង។ អាពាហ៍ពិពាហ៍ មិនមែនជាការចាប់ផ្តើមនៃរឿងស្នេហាតែប៉ុណ្ណោះទេ ប៉ុន្តែជាការសន្យាថា នឹងកាន់ដៃគ្នាដើរឆ្លងកាត់គ្រប់រដូវកាលនៃជីវិត ដោយក្តីស្រឡាញ់ ការជឿទុកចិត្ត ការគោរព និងការយោគយល់គ្នាទៅវិញទៅមក។
“សូមអរគុណសម្រាប់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រគ្នាគ្រប់ពេលវេលា។ ខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅ ដែលមានអ្នកជាដៃគូជីវិត។ សូមឱ្យជីវិតគូរបស់យើង សម្បូរទៅដោយសេចក្តីសុខ សុខភាពល្អ សំណាងល្អ ភាពរុងរឿង និងក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ជារៀងរហូត។ រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់យើង។ សូមឱ្យស្នេហារបស់យើងរីកចម្រើន និងភ្លឺស្វាងជានិច្ច”។ ឧកញ៉ា ណូ សុភា បានបន្ថែម។
សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ឈ្មោះ Udo Böttcher ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕










