អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទទួលដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគិនសហរដ្ឋអាមេរិក ចុះពិនិត្យមើលទីតាំងតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងរកទីតាំងដែលសមស្របអាចសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងថា ថ្ងៃពុធ ទី២២ ខែមេសា ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យមកបណ្តាក់ទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា លោកបានដឹកនាំក្រុមការងាររួមជាមួយលោក MICAH LEWIS partner VP Aquisitions មកពីសហរដ្ឋអាមេរិក ដើម្បីចុះមកពិនិត្យមើលទីតាំងដោយផ្ទាល់ នៅក្នុងតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងរកទីតាំងដែលសមស្របអាចសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណងបានប្រកបដោយសក្តានុពល។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យកសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា និងជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ។ អ្នកឧកញ៉ា បានវិនិយោគនៅភូមិសាស្ត្រខេត្តព្រះសីហនុ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយកាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ អ្នកឧកញ៉ាក៏ទើបរៀបចំពិធីសម្ពោធអគារការិយាល័យថ្មីមួយខ្នង នៅលើតំបន់ឆ្នេរសមុទ្រកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ផងដែរ៕










