វ័យសុទ្ធតែនៅក្មេងៗ សហគ្រិន ៧រូបជោគជ័យបង្កើតទ្រព្យរាប់សិបម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា អាជីវកម្ម

សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង​ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​សហគ្រិន​វ័យ​ក្មេង​របស់​កម្ពុជា ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត ​និង​ធ្វើ​ជំនួញ។ រដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ​អាជីវកម្ម​ផ្តួច​ផ្តើម​ថ្មី startup ​គឺជា​សរសៃ​ឈាម​របស់​សេដ្ឋកិច្ច​ជាតិ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានឧកញ៉ាញូស៍ សូមមិននិយាយដល់អ្នកជំនួញជើងចាស់គ្រាក់ៗ មានអាណាចក្រជំនួញទ្ទង់លានដុល្លារនោះទេ ព្រោះពួកគេមានបទពិសោធន៍ជ្រៅជ្រះរួចមកហើយ។ បច្ចុប្បន្នយុវវ័យក្មេងៗអាយុមិនលើស ៣០ឆ្នាំផង ពួកគាត់ចាប់ផ្តើមមានឆន្ទៈចង់ចេញរកសុី ខណៈអ្នកមួយចំនួនទទួលជោគជ័យ។

យុវសហគ្រិនទាំងនោះត្រូវបានចាត់ទុកជាកោសិការសេដ្ឋកិច្ចមួយជួយជំរុញការវិនិយោគ បង្កើតឪកាសការងារឱ្យពលរដ្ឋជាច្រើនម៉ឺនកន្លែងដើម្បីផ្គត់ផ្គង់ជីវភាព និងកាត់បន្ថយភាពក្រីក្រ។

ថ្ងៃនេះឧកញ៉ាញូស៍ សូមណែនាំឲ្យស្គាល់នូវយុវសហគ្រិនឆ្នើម ៧រូប កំពុងជោគជ័យក្នុងមុខជំនួញ និងមានកេរ្តិ៍ឈ្មោះល្បាញល្បីនាពេលបច្ចុប្បន្ន។ លើសពីនេះ ក៏ជាម៉ូដែល ឬ Idol ជាគំរូដល់យុវវ័យផ្សេងៗទៀត ឲ្យមានចិត្តស្រឡាញ់ និងចាប់ផ្ដើមចង់ចេញរកស៊ីបង្កើតទ្រព្យ។

១.លោក ​លួន អានចំណេះ​

គឺជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ប្រចាំ​នៅ​ខេត្ត​សៀមរាប ​ដែល​បាន​បង្កើត​ និង​គ្រប់គ្រង​ភោជនីយដ្ឋាន​ចំនួន​ពីរ​កន្លែង ​សណ្ឋាគារ​ប៉ូទិក​ចំនួន​ពីរ​កន្លែង ​និង​ហាង​កាហ្វេ​ដែល​មានបណ្ណាល័យ​អាន​សៀវភៅ​ក្នុង​នោះ​មួយ​កន្លែង​ទៀត។ 

លោកជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AMATAKE INNOVEST CO LTD និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

២.កញ្ញា ដាវ

ជាអ្នកជំនួញស្រ្តីវ័យក្មេងបំផុតនៅកម្ពុជា ដែលចាប់ផ្តើមអាជីវកម្មដំបូងតាំងពីខ្លួននៅជាសិស្សវិទ្យាល័យ រហូតប្រែខ្លួនមកជាម្ចាស់អាជីវកម្ម The Cake ដ៏ពេញនិយមល្បីល្បាញក្នុងចំណោមយុវវ័នាពេលបច្ចុប្បន្ន។ Dav បានបើកសាលាបង្រៀនធ្វើនំដល់យុវវ័យជំនាន់ក្រោយ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនដែលចង់ប្រឡូកក្នុងវិស័យនេះ។

មិនតែប៉ុណ្ណោះថ្មីៗនេះ នាយិកាសាលានំវ័យក្មេងរូបនេះ ទើបតែសម្ភោធចេញសៀវភៅទី១របស់ខ្លួន ដែលមានចំណងជើងថា “១រយនំ” ថែម​ទៀត​ផង​។ សៀវភៅ “១រយនំ” នេះ ចងក្រងរូបមន្ដនៃនំ១រយក្បួនជាភាសាខ្មែរ ដែលប្រមូលផ្ដុំសុទ្ធសឹងតែជាប្រភេទ​នំ ដែលចាំបាច់និងមានការទទួលស្គាល់ច្រើន ថែមទាំងមានភាពងាយស្រួលខ្លាំងក្នុងការអនុវត្តតាមរយៈការអាន តម្រូវគ្រប់វ័យគ្រប់និស្ស័យ ។

៣.ឧកញ៉ា ជា តុងហ៊ួរ

លោកជាយុវសហគ្រិនក្មេងមិនដល់ ៣០ឆ្នាំផង គិតត្រឹមឆ្នាំ២០២២នេះ ប៉ុន្តែជាយុវវ័យឆ្នើមពោរពេញដោយសមត្ថភាពក្នុងការដឹកនាំធុរកិច្ច បណ្តុះបណ្តាលមនុស្សរាប់សែននាក់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះលោកក៏ជាអ្នករកសុីក្នុងវិស័យអចលនទ្រព្យដែលទទួលបានជោគជ័យផងដែរ។

លោកទើបតែត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា កាលពីឆ្នាំ២០២១កន្លងទៅ។

ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ ជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd និងជាម្ចាស់សៀវភៅ Mind Map។

៤.កញ្ញា ថូង ធីតា

គឺជាសហគ្រិនស្រ្តីឆ្នើម នៃ​សហគ្រាសផលិត​អំបិល​ធម្មជាតិ ​ក្នុង​ខេត្ត​កំពត ថូង​ អ៊ិនធឺប្រៃស៍ (Thaung Enterprise) ធ្លាប់ទទួលបាន​ពានរង្វាន់ ​សហគ្រិនវ័យក្មេង​កម្ពុជាកាល​ពី​ឆ្នាំ​២០១៨ និងជាម្ចាស់ ពានរង្វាន់លេខ២ សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០។​

តាមរយៈយីហោ អំបិលកំពត ថូង ធីតា និងយីហោថ្មី ឈ្នោះ អំបិល ជលសា កញ្ញាបានចេញលក់តាមបណ្តាលទីផ្សារទំនើបនាពេលបច្ចុប្បន្ន និងក្រៅប្រទេសផងដែរ។

 កញ្ញា ថូង ធីតា ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ចក្ខុវិស័យ​របស់ Thaung Enterprise ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​ ទាំង​អ្នកតាក់តែង​ច្បាប់អ្នក​ប្រើប្រាស់ ពិសេស​ម្ចាស់​ភោជនីយដ្ឋាន ឬក៏​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ យល់នឹង​ឲ្យ​តម្លៃ​ទៅលើ​អំបិល​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត ដែលមានទាំង​គុណភាព និងអត្ថ​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នកទទួលទាន។ 

៥.ស៊ិន ច័ន្ទកន្និកា

យុវតីរូបនេះ ទើបតែរៀនចប់ថ្នាក់ទី១២ ថ្មីៗ ខណៈដែលបច្ចុប្បន្នកំពុងក្លាយជាអ្នកជំនួញអនឡាញទាំងវ័យក្មេង។ ក្រោយបើកដំណើរការក្រុមហ៊ុននាំចូលផលិតផលមកពីប្រទេសថៃ កញ្ញា ស៊ិន ច័ន្ទកន្និកា បានប្រើយុទ្ធសាស្ត្រជាច្រើន ធ្វើអោយផលិតផលដែលបាននាំចូលដោយផ្ទាល់ទទួលការចាប់អារម្មណ៍ពីតំណាងចែកចាយ និង មានទីផ្សារគាំទ្រគួរអោយកត់សម្គាល់នៅលើទីផ្សារអនឡាញ។

អាជីវកម្មរបស់នាង ក៏ជួយអោយស្ត្រីមួយចំនួនដែលមានបញ្ហាប្រឈមក្នុងការរកចំណូលក្នុងសម័យកូវីតរីករាលដាលខ្លាំងនេះ មានលំនឹងសេដ្ឋកិច្ច ក្រោយធ្វើជាតំណាងចែកចាយនោះផង។

នាងថា ផលិតផលដូចគ្នាដែលនាងនាំចូលមិនខ្វះនោះទេ ប៉ុន្តែសម្រាប់ផលិតផលដែលមានគុណភាពពិតប្រាកដមិនមានច្រើនទេ ទើបធ្វើអោយក្រុមហ៊ុន Pinika Cosmitic ដែលនាងបង្កើតឡើងមានភាពរីកចំរើនលឿន។

៦.កញ្ញា អោកចាន់ សិរីរ័ត្ន

នាងជានាយកប្រតិបត្តិវ័យក្មេង ក្រុមហ៊ុន Camfield trading ដែលជាអ្នកឯកទេសសាងសង់ទីលានកីឡាគ្រប់ប្រភេទដូចជា ទីលានបាល់ទាត់ ហ្វូតសាល បាល់ទះ បាល់បោះ។

ក្រុមហ៊ុន Camfield ជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលមានស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់ដោយសហព័ន្ធអន្តរជាតិនៃសមាគមកីឡាបាល់ទាត់ (FIFA) ក្នុងឆ្នាំ 2015 ដោយផ្អែកលើសមិទ្ធិផលក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២។ ហើយ Camfield ក៏ទទួលបាននូវកិច្ចព្រមព្រៀងលើកដំបូងជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសាងសង់ទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក ខែឧសភា ឆ្នាំ២០១៥។

៧.កញ្ញា មូល មន្នីនិច

ជានាយិកាក្រុមហ៊ុន Herbal agriculture មានចំណូលចិត្តសិក្សាស្រាវជ្រាវឱសថបុរាណខ្មែរ តាំងពីនៅវ័យក្មេងដែលចាប់ផ្តើម ស្រាវជ្រាវតាំងពីឆ្នាំ ២០១៤ កញ្ញា មូល មន្នីនិច បានរកឃេីញថ្នាំរុក្ខជាតិខ្មែរកម្ចាត់មុនយ៉ាងមានប្រសិទ្ធភាពហេីយល្បីខ្លាំងមែនទែននៅក្នុងបណ្តាញសង្គម Facebook។

កញ្ញាថ្លែងថា «ខ្ញុំធ្លាប់ឆ្លងកាត់ការលំបាកត្រូវគេធ្វេីបាបនិងរងការរិះគន់ រាប់មិនអស់បើកាលនោះខ្ញុំបោះបង់ចោលពាក់កណ្ដាលទីច្បាស់ជាគ្មានខ្ញុំដូចថ្ងៃនេះទេ។ ពេលនេះមានអ្នកវិនិយោគចិនចង់សហការនាំចេញផលិតផលខ្ញុំនៅកាន់ប្រទេសចិនពីព្រោះគាត់និយាយថាមុន ខូង ពិបាកព្យាបាលណាស់សូមរក្សារូបមន្តអោយបានល្អ។ ខ្ញុំកំពុងរៀបចំខ្លួនពង្រីកផលិតផលខ្មែរទៅប្រទេសចិននិងពិភពលោកទាំងមូល»៕