អ៊ីរ៉ង់ កំណត់លក្ខខណ្ឌចំនួនប្រាំមួយសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

អ៊ីរ៉ង់បាននិយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញអាស្រ័យលើរបៀបដែលសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ហើយក៏បានដាក់ចេញលក្ខខណ្ឌចំនួនប្រាំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Mohammad Bagher Zolghadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ កាលពីថ្ងៃទី៨ ខែសីហាថា ៖”ទាំងនេះគឺជាការទាមទាររបស់ប្រជាជនអ៊ីរ៉ង់ ដែលបានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេល ១៦០ថ្ងៃនៃការតស៊ូឥតឈប់ឈរនៅលើសមរភូមិ និងនៅតាមដងផ្លូវ។ ច្រកសមុទ្រ Hormuz នឹងមិនត្រូវបានបើកឡើងវិញទេ លុះត្រាតែសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន”។

ទន្ទឹមនឹងនេះ លោក Zolghadr ក៏បានរាយបញ្ជីលក្ខខណ្ឌចំនួនប្រាំមួយសម្រាប់សហរដ្ឋអាមេរិក រួមទាំងការបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ ការបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ ការលើកលែងចំពោះការបិទផ្លូវសមុទ្រ ការទូទាត់សំណងសម្រាប់ការខូចខាត ការលើកលែងទណ្ឌកម្ម និងការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបង្កកបានផងដែរ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយលើការទាមទាររបស់អ៊ីរ៉ង់ទាំងនេះនៅឡើយទេ ប៉ុន្តែលោក Richard Weitz អ្នកជំនាញសន្តិសុខអន្តរជាតិនៅសាកលវិទ្យាល័យការពារជាតិណាតូ ជឿជាក់ថាទីក្រុងវ៉ាស៊ីនតោនស្ទើរតែប្រាកដជាមិនអាចទទួលយកការទាមទារសំណងរបស់អ៊ីរ៉ង់ ឬលក្ខខណ្ឌផ្សេងទៀតសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ។

គួរជម្រាបជូនផងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗនេះបានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នឹងវិលមករកភាពធម្មតាវិញក្នុងពេលឆាប់ៗនេះ។ លោកក៏បានព្រមានអំពី “វិធានការរឹងមាំ” ប្រសិនបើលទ្ធផលមិនដូចការរំពឹងទុកផងដែរ៕​