យោងតាមស្ថិតិចុងក្រោយបំផុតមួយបានបង្ហាញថា ពលរដ្ឋថៃមានកាំភ្លើងកាន់កាប់ជាង ១០ លានដើម ដោយមានអត្រាជាង ១៥ ដើមក្នុងចំណោមប្រជាជន ១០០ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្លុកអាស៊ាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល នៅថ្ងៃទី៧ ខែសីហា បានណែនាំមន្ត្រីមូលដ្ឋានឱ្យរឹតបន្តឹងការគ្រប់គ្រងអាវុធ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងអ្នកដែលកាន់អាវុធនៅទីសាធារណៈ បន្ទាប់ពីមានការបាញ់ប្រហារដែលបានសម្លាប់មនុស្ស ៨ នាក់នៅខេត្តណនថាបុរី ដោយនិស្សិតប្រុសម្នាក់។
លោក អនុទីន បានសង្កត់ធ្ងន់ថា ទាំងជនស៊ីវិល និងមន្ត្រីក្រៅម៉ោងធ្វើការ មិនត្រូវបានអនុញ្ញាតឱ្យកាន់អាវុធនៅខាងក្រៅផ្ទះរបស់ពួកគេ ឬនៅកន្លែងសាធារណៈនោះទេ។
សេចក្តីណែនាំនេះត្រូវបានចេញដោយនាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីស្ថិតិពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវឯករាជ្យមួយឈ្មោះថា Small Arms Survey (SAS) នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងអភិវឌ្ឍនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្ហាញថា ពលរដ្ឋថៃមានកាំភ្លើងកាន់កាប់ក្នុងដៃជាង ១០,៣ លានដើម។
ក្នុងចំណោមនេះកាំភ្លើង ៦,២ លានដើមត្រូវបានចុះបញ្ជីស្របច្បាប់ ខណៈពេលដែលជាង ៤,១ លានដើមផ្សេងទៀតគឺខុសច្បាប់។ បច្ចុប្បន្ន SAS មិនមានស្ថិតិសម្រាប់ឆ្នាំ២០២៦ នេះទេ។
គួរជម្រាបជូនផងដែរថា ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin បានណែនាំច្បាប់នៃការគ្រប់គ្រងអាវុធជាច្រើន រួមទាំងការផ្អាកការចេញអាជ្ញាប័ណ្ណអាវុធថ្មី និងការរឹតបន្តឹងលើការនាំចូលអាវុធ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ច្បាប់គ្រប់គ្រងអាវុធនៅក្នុងប្រទេសថៃជារឿយៗមិនត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនោះទេ៕

