លោក Bessent បង្ហើបថាលោក ត្រាំ នៅតែអាចជួបពិភាក្សាជាមួយលោក ស៊ី នៅកូរ៉េខាងត្បូង

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកក Scott Bessent បានបង្ហើបឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែអាចជួបជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង នាចុងខែតុលានេះ ខណៈពេលដែលភាគីទាំងពីរព្យាយាមកាត់បន្ថយភាពតានតឹងជុំវិញជម្លោះពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញភាពតានតឹងចុងក្រោយនេះ បានបង្កើតឡើងបន្ទាប់ពីចិន បានប្រកាសថាខ្លួននឹងចាប់ផ្តើមពង្រីកការគ្រប់គ្រងទៅលើការនាំចេញធនធានរ៉ែកម្រ ដែលនាំឲ្យសហរដ្ឋអាមរិក បានដាក់ពន្ធបន្ថែម ១០០% ទៅលើទំនិញរបស់ចិន ដែលរំពឹងថានឹងចាប់ផ្តើម ពីខែវិច្ឆិកា តទៅ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក Bessent បាននិយាយថា មានការប្រាស្រ័យទាក់ទងគ្នាច្រើនរវាងភាគីប្រទេសទាំងពី ហើយរំពឹងថាកិច្ចប្រជុំជាច្រើនទៀត ក៏នឹងអាចធ្វើឡើងនាពេលខាងមុខនេះ ផងដែរ។

លោក Bessent បានសង្កត់ធ្ងន់ទៀតថា ៖” យើងបានព្យាយាមកាត់បន្ថយភាពតានតឹងយ៉ាងខ្លាំង។ ប្រធានាធិបតី ត្រាំ បាននិយាយាថា ពន្ធនឹងមិនចូលជាធរមាននោះឡើយ រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា។ លោកគ្រោងនឹងជួយជាមួយ លោក ស៊ី នៅក្នុងប្រទេសកូរ៉េ។ ខ្ញុំជឿជាក់ថាកិច្ចប្រជុំ នឹងនៅតែអាចធ្វើឡើង”។

ជម្រាបជូនផងដែរថា កន្លងមកលោក ត្រាំ និងលោក ស៊ី មានគម្រោងជួបប្រជុំគ្នាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលរៀបចំដោយកូរ៉េខាងត្បូង នៅចុងខែតុលាខាងមុខនេះ៕​