បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានចុះពិធីសារចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងធុរជនក្នុងខេត្ត។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
ពិធីសារចងសម្ព័ន្ធមេត្រីភាពនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការអភិវឌ្ឍស្ថាប័នទាំងពីរ និងរួមចំណែកការពារបូរណភាពទឹកដី ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បន្តបំពេញតួនាទីក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងសន្តិសុខសេដ្ឋកិច្ច សុវត្ថិភាព និងស្ថិរភាពសង្គម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ អាចប្រកបអាជីវកម្មប្រកបដោយទំនុកចិត្ត។ ពិធីនេះក៏ជាការពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងរវាងកងកម្លាំងនគរបាល និងវិស័យឯកជន ក្នុងនាមជាដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តផងដែរ។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការបង្កើតសម្ព័ន្ធមេត្រីភាពនេះឡើង និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ លោកបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្ត ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល បម្រើ និងការពារសុវត្ថិភាពជូនអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សភាពាណិជ្ជកម្ម និងអាជីវករ បន្តសហការផ្តល់ព័ត៌មានទាន់ពេលវេលាដល់សមត្ថកិច្ច នៅពេលមានបាតុភាពមិនប្រក្រតី ឬបញ្ហាអសន្តិសុខ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បទល្មើសសេដ្ឋកិច្ច និងអំពើជំរិតទារប្រាក់ ដែលអាចប៉ះពាល់ដល់បរិយាកាសវិនិយោគ និងការធ្វើអាជីវកម្ម។
ជាការឆ្លើយតប លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានប្តេជ្ញាណែនាំ និងជំរុញឱ្យសមាជិក សមាជិកា អាជីវករ និងពាណិជ្ជករទាំងអស់ក្នុងខេត្ត បន្តសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាល ដោយផ្តល់ព័ត៌មានទាន់ពេលវេលាអំពីបាតុភាពមិនប្រក្រតី បញ្ហាសន្តិសុខ និងសកម្មភាពល្មើសច្បាប់ផ្សេងៗ។ លោកឧកញ៉ាក៏បានប្តេជ្ញាបន្តកៀរគរធនធានពីវិស័យឯកជន តាមលទ្ធភាព ដើម្បីគាំទ្រផ្នែកស្មារតី សម្ភារៈ និងមធ្យោបាយផ្សេងៗ ជូនដល់កងកម្លាំងនគរបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕







