ឧកញ៉ា អ៊ឹង វណ្ណម៉ៅ អញ្ជើញចុះពិធីសារចងសម្ព័ន្ធមេត្រីភាព ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខ និងការវិនិយោគ រវាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្ត

ជុំវិញ​ឧកញ៉ា

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានចុះពិធីសារចងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងធុរជន​ក្នុងខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ និងលោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ។

ពិធីសារចងសម្ព័ន្ធមេត្រីភាពនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រគ្នា​ទៅវិញទៅមក ដើម្បីលើកកម្ពស់ការអភិវឌ្ឍស្ថាប័នទាំងពីរ និងរួមចំណែកការពារបូរណភាពទឹកដី ស្របតាម​អនុសាសន៍​ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះ កងកម្លាំងនគរបាលខេត្ត​បន្ទាយមានជ័យ បន្តបំពេញតួនាទីក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងសន្តិសុខសេដ្ឋកិច្ច សុវត្ថិភាព និងស្ថិរភាពសង្គម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ អាចប្រកបអាជីវកម្មប្រកបដោយទំនុកចិត្ត។ ពិធីនេះក៏ជាការពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងរវាងកងកម្លាំងនគរបាល និងវិស័យឯកជន ក្នុងនាមជាដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តផងដែរ។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្ត ដែលបានសហការបង្កើត​សម្ព័ន្ធមេត្រីភាពនេះឡើង និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យឯកជន​ក្នុងការជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចខេត្ត។ លោកបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្ត ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល បម្រើ និងការពារសុវត្ថិភាពជូនអ្នកវិនិយោគជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់​សភាពាណិជ្ជកម្ម និងអាជីវករ បន្តសហការផ្តល់ព័ត៌មានទាន់ពេលវេលាដល់សមត្ថកិច្ច នៅពេលមានបាតុភាព​មិនប្រក្រតី ឬបញ្ហាអសន្តិសុខ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បទល្មើសសេដ្ឋកិច្ច និងអំពើជំរិតទារប្រាក់ ដែលអាចប៉ះពាល់​ដល់​បរិយាកាសវិនិយោគ និងការធ្វើអាជីវកម្ម។

ជាការឆ្លើយតប លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានប្តេជ្ញាណែនាំ និងជំរុញឱ្យសមាជិក សមាជិកា អាជីវករ និងពាណិជ្ជករទាំងអស់ក្នុងខេត្ត បន្តសហការយ៉ាងជិតស្និទ្ធជាមួយកង​កម្លាំងនគរបាល ដោយផ្តល់ព័ត៌មានទាន់ពេលវេលាអំពីបាតុភាពមិនប្រក្រតី បញ្ហាសន្តិសុខ និងសកម្មភាពល្មើស​ច្បាប់ផ្សេងៗ។ លោកឧកញ៉ាក៏បានប្តេជ្ញាបន្តកៀរគរធនធានពីវិស័យឯកជន តាមលទ្ធភាព ដើម្បីគាំទ្រផ្នែកស្មារតី សម្ភារៈ និងមធ្យោបាយផ្សេងៗ ជូនដល់កងកម្លាំងនគរបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕