អ្នកឧកញ៉ា គិត ម៉េង ចែករំលែកមេរៀនចំនួន ១០ចំណុច សម្រាប់យុវវ័យអាយុ ២៥ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចែករំលែកមេរៀនដ៏មានតម្លៃចំណុច​ពិសេសចំនួន ១០ចំណុច ជូនដល់យុវវ័យអាយុ ២៥ឆ្នាំ ដើម្បីអាចសម្រេចបានភាពជោគជ័យ នៅក្នុងជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាប្រធាន បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ថាប្រសិនបើ​លោក​អាចត្រលប់ទៅអតីតកាលវិញ ហើយសន្ទនាដោយស្ងប់ស្ងាត់ជាមួយខ្លួនឯងកាលពីលោកមានអាយុ ២៥ឆ្នាំ លោកនឹងផ្តល់ឱ្យខ្លួនឯងនូវមេរៀនខាងក្រោមនេះ។ សូមបន្តការខិតខំប្រឹងប្រែង។ ថ្ងៃណាមួយ អ្នកនឹងដឹងថា​ការខំប្រឹងធ្វើកិច្ចការជាច្រើនម៉ោង ការលះបង់ និងការធ្វើសេចក្តីសម្រេចលំបាកៗ ទាំងអស់នេះពិតជាមានតម្លៃ។ ចូរចងចាំរឿងទាំង១០ ដូចខាងក្រោមនេះ៖

១. កុំលះបង់សុខភាពរបស់អ្នកដើម្បីតែបង្កើតទ្រព្យសម្បត្តិ។

២. កុំផ្តោតអារម្មណ៍ខ្លាំងពេកក្នុងការព្យាយាមសម្រេចបានជោគជ័យក្នុងអាជីព ឬអាជីវកម្មរបស់អ្នក រហូតខកខាន​ពេលវេលាសំខាន់ៗជាមួយគ្រួសារ។

៣. កុំយល់ច្រឡំថាការរវល់មានន័យថាអ្នកកំពុងមានផលិតភាព។

៤. កុំឱ្យមហិច្ឆតារបស់អ្នកធ្វើឱ្យអ្នកភ្លេចការដឹងគុណ។

៥. កុំរង់ចាំភាពជោគជ័យ ទើបបានធ្វើឱ្យខ្លួនឯងមានសុភមង្គលតាមក្រោយ។

៦. រៀនស្តាប់ឱ្យច្រើនជាងនិយាយ។

៧. កសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនសិន មុននឹងកសាងទ្រព្យសម្បត្តិរបស់ខ្លួន។

៨. រក្សាកាយវាចាឱ្យទន់ភ្លន់នៅពេលអ្នកទទួលជោគជ័យ។

៩. រក្សាភាពរឹងមាំនៅពេលអ្នកចាញ់។

១០. ភាពជោគជ័យពិតប្រាកដមិនត្រូវបានវាស់វែងដោយអ្វីដែលអ្នកមាននោះទេ ប៉ុន្តែដោយចរិតលក្ខណៈ​របស់អ្នក។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ការខិតខំប្រឹងប្រែងនឹងធ្វើឱ្យអ្នកសម្រេចបានជោគជ័យ។ ប្រាជ្ញានឹងធ្វើឱ្យអ្នកមាន​ភាពរីករាយចំពោះជោគជ័យ ហើយធ្វើឱ្យជោគជ័យរបស់អ្នកមានន័យ។ នៅអាយុ២៥ឆ្នាំ លោកគិតថាភាព​ជោគជ័យ​គឺជាការសម្រេចគោលដៅជាក់លាក់មួយ ប៉ុន្តែឆ្លងកាត់បទពិសោធជីវិត ទើបលោកបានដឹងថា​ភាព​ជោគជ័យពិតប្រាកដ គឺការអភិវឌ្ឍចរិតលក្ខណៈរបស់ខ្លួនឱ្យល្អប្រសើរ៕