ក្រុមហ៊ុន រា សុរៈ ឯ.ក (RA Sorak Co., Ltd) របស់អ្នកឧកញ៉ា សួន វីរៈតារា បានចូលជាសមាជិកសមាគមអ្នកសាងសង់កម្ពុជា និងតែងតែជួយគាំទ្រដល់សមាគម នាពេលកន្លងមក។ នេះបើតាមការបង្ហាញរបស់សមាគមអ្នកសាងសង់កម្ពុជា នៅលើបណ្តាញសង្គម នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

ក្រុមហ៊ុន រា សុរៈ ឯ.ក ដែលមាន អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយក គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ជាង ៩ឆ្នាំ និងជាក្រុមហ៊ុនសាងសង់ដែលផ្តោតលើគុណភាព និរន្តរភាព និងសេវាកម្ម។ ក្រុមហ៊ុននេះ មានសេវាកម្មដូចជា សិក្សាគូសប្លង់ សាងសង់សំណង់គ្រប់ប្រភេទ រួមទាំងផ្គត់ផ្គង់គ្រឿងសំណង់ ដែកកញ្ច្រែងផ្សារស្រេច បេតុងលាយស្រេច និងសសរគ្រឹះ ជាដើម។
សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលអាណត្តិទី៥ (២០២២-២០២៥)។ រីឯក្នុងអាណត្តិទី៦ ឧកញ៉ា ឆារស៍ វ៉ាន់ បានជាប់ឈ្មោះជាប្រធានសមាគម ដែលត្រូវដឹកនាំបន្តពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៨៕


