អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចែករំលែកមេរៀនដ៏មានតម្លៃចំណុចពិសេសចំនួន ១០ចំណុច ជូនដល់យុវវ័យអាយុ ២៥ឆ្នាំ ដើម្បីអាចសម្រេចបានភាពជោគជ័យ នៅក្នុងជីវិត។

អ្នកឧកញ៉ាប្រធាន បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ថាប្រសិនបើលោកអាចត្រលប់ទៅអតីតកាលវិញ ហើយសន្ទនាដោយស្ងប់ស្ងាត់ជាមួយខ្លួនឯងកាលពីលោកមានអាយុ ២៥ឆ្នាំ លោកនឹងផ្តល់ឱ្យខ្លួនឯងនូវមេរៀនខាងក្រោមនេះ។ សូមបន្តការខិតខំប្រឹងប្រែង។ ថ្ងៃណាមួយ អ្នកនឹងដឹងថាការខំប្រឹងធ្វើកិច្ចការជាច្រើនម៉ោង ការលះបង់ និងការធ្វើសេចក្តីសម្រេចលំបាកៗ ទាំងអស់នេះពិតជាមានតម្លៃ។ ចូរចងចាំរឿងទាំង១០ ដូចខាងក្រោមនេះ៖
១. កុំលះបង់សុខភាពរបស់អ្នកដើម្បីតែបង្កើតទ្រព្យសម្បត្តិ។
២. កុំផ្តោតអារម្មណ៍ខ្លាំងពេកក្នុងការព្យាយាមសម្រេចបានជោគជ័យក្នុងអាជីព ឬអាជីវកម្មរបស់អ្នក រហូតខកខានពេលវេលាសំខាន់ៗជាមួយគ្រួសារ។
៣. កុំយល់ច្រឡំថាការរវល់មានន័យថាអ្នកកំពុងមានផលិតភាព។
៤. កុំឱ្យមហិច្ឆតារបស់អ្នកធ្វើឱ្យអ្នកភ្លេចការដឹងគុណ។
៥. កុំរង់ចាំភាពជោគជ័យ ទើបបានធ្វើឱ្យខ្លួនឯងមានសុភមង្គលតាមក្រោយ។
៦. រៀនស្តាប់ឱ្យច្រើនជាងនិយាយ។
៧. កសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនសិន មុននឹងកសាងទ្រព្យសម្បត្តិរបស់ខ្លួន។
៨. រក្សាកាយវាចាឱ្យទន់ភ្លន់នៅពេលអ្នកទទួលជោគជ័យ។
៩. រក្សាភាពរឹងមាំនៅពេលអ្នកចាញ់។
១០. ភាពជោគជ័យពិតប្រាកដមិនត្រូវបានវាស់វែងដោយអ្វីដែលអ្នកមាននោះទេ ប៉ុន្តែដោយចរិតលក្ខណៈរបស់អ្នក។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ការខិតខំប្រឹងប្រែងនឹងធ្វើឱ្យអ្នកសម្រេចបានជោគជ័យ។ ប្រាជ្ញានឹងធ្វើឱ្យអ្នកមានភាពរីករាយចំពោះជោគជ័យ ហើយធ្វើឱ្យជោគជ័យរបស់អ្នកមានន័យ។ នៅអាយុ២៥ឆ្នាំ លោកគិតថាភាពជោគជ័យគឺជាការសម្រេចគោលដៅជាក់លាក់មួយ ប៉ុន្តែឆ្លងកាត់បទពិសោធជីវិត ទើបលោកបានដឹងថាភាពជោគជ័យពិតប្រាកដ គឺការអភិវឌ្ឍចរិតលក្ខណៈរបស់ខ្លួនឱ្យល្អប្រសើរ៕




