ការនាំចេញផ្លែទុរេនរបស់វៀតណាម ទៅកាន់ប្រទេសចិន អាចរកបានចំណូលរហូតជិត ៩៨៨លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលកើនឡើង ៤៣,៤% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមទិន្នន័យពីនាយកដ្ឋានគយ ប្រទេសចិនបានចំណាយទឹកប្រាក់សរុប ២,០៤ពាន់លានដុល្លារដើម្បីទិញផ្លែឈើ និងបន្លែវៀតណាមនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលកើនឡើងជិត ២៥%។ ផ្លែទុរេនបានចូលរួមចំណែក ៩៨៨លានដុល្លារ ដែលកើនឡើង ៤៣,៤% និងមានចំនួន ៤៨,៤៥% នៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុប។ តម្លៃនៃការនាំចេញផ្លែឈើនេះថែមទាំងមានចំនួនខ្ពស់ជាងតម្លៃនាំចេញសរុបនៃផ្លែស្រកានាគ ចេក ខ្នុរ ដូង និងស្វាយទៀតផង។
យ៉ាងណាមិញ បើយោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បានបង្ហាញការជឿជាក់ថា ប្រសិនបើល្បឿននៃការនាំចេញបច្ចុប្បន្នត្រូវបានរក្សា ការនាំចេញផ្លែទុរេនសម្រាប់រយៈពេលទាំងមូលនៃឆ្នាំនេះ នឹងកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបជូនផងដែរថា វៀតណាម កំពុងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកការនាំចេញផ្លៃទុរេនរបស់ខ្លួនឲ្យហួសពីទីផ្សារចិនផងដែរ។ នៅចុងខែកក្កដា ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាម ដោយបើកទីផ្សារមួយផ្សេងទៀតដែលមានប្រជាជនសរុបប្រមាណជាង ១,៤ពាន់លាននាក់៕

