ប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព ភាពជាដៃគូយ៉ាងស្និទ្ធស្នាលរវាងគណៈប្រតិភូទាំង១៥ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល (9th APPF-GH)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានរដ្ឋសភា បញ្ជាក់ថា វត្តមានរបស់ សមាជិក សមាជិកាគណៈប្រតិភូទាំងអស់ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីគុណតម្លៃដ៏អស្ចារ្យ ដែលយើងបានរួមគ្នាផ្តល់ឱ្យវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងស្តែងឡើងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសេវាគ្របដណ្តប់សុខភាពជាសកល ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រែប្រួលអាកាសធាតុ និងការវិវឌ្ឍរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

សម្តេចរដ្ឋសភាធិបតី បានបន្តថា ជាមួយគ្នានេះ វត្តមានគណៈប្រតិភូចំនួន ១៥ ប្រទេស ដែលបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ក៏ជាការកសាងនូវទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាល ក្នុងការលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា កិច្ចប្រជុំពិភាក្សាពេញមួយថ្ងៃកន្លងមកនេះ មិនត្រឹមតែបានស្តែងឡើងនូវខ្លឹមសារយ៉ាងមានជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តនយោបាយយ៉ាងរឹងមាំ នោះគឺការនាំមកនូវការកែលម្អយ៉ាងពិតប្រាកដ និងសមិទ្ធផលជាក់ស្តែង លើសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិករបស់យើង និងនៅលើសកលលោក។

«យើងត្រូវធ្វើឱ្យប្រាកដថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ»។ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែទទួលបានផ្លែផ្កាពិតប្រាកដពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ។ នេះជាការគូសបញ្ជាក់របស់ សម្តេចប្រធានរដ្ឋសភា។

កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ដែលសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ មានរយៈពេលបីថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ»៕