កម្មវិធី CERC ជំរុញកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ពង្រឹងការតភ្ជាប់ទីផ្សារ លើកកម្ពស់ជីវភាពកសិករ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ៊ាន វណ្ណហន លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា និងជាសហ​ប្រធាន​គណៈកម្មការ​ដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានដឹកនាំកិច្ច​ប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង CaWSIP-MAFF និង​ផ្សព្វ​ផ្សាយអំពីការរៀបចំអនុវត្តកម្មវិធី CERC នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពគម្រោងក្នុងតំបន់គោលដៅស្រុកជាំក្សាន្ត និងផ្សព្វផ្សាយអំពីគោលបំណង វិសាលភាព និងការរៀបចំ​អនុវត្ត​កម្មវិធី CERC។ កម្មវិធីនេះនឹងគាំទ្រសកម្មភាពសំខាន់ៗ ដូចជា ផលិតកម្មបន្លែសុវត្ថិភាព ការដាំផ្សិត ការចិញ្ចឹមមាន់ កង្កែប ប្រព័ន្ធស្រោចស្រពដោយថាមពលព្រះអាទិត្យ និងវារីវប្ប​កម្ម។ CERC ផ្តោតលើការពង្រឹងកសិកម្មឆ្លាតវៃធន់នឹង​អាកាស​ធាតុ ការតភ្ជាប់ទីផ្សារ ការពង្រឹងជីវភាពគ្រួសារងាយរងគ្រោះ និងសមត្ថភាពក្រុមកសិករ។ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកំណត់ជាតំបន់គោលដៅដោយមានអ្នកទទួលផលប៉ាន់ស្មានប្រមាណ ៥០០គ្រួសារ។

លើសពីនេះ ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពការ​អនុវត្ត​គម្រោង ACSEP នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយមាន​ការចូលរួមពីប្រធានគម្រោង មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន។ ក្រុមការងារបានចុះពិនិត្យសរុប ៥ទីតាំង រួមមាន៖១. សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ ពិនិត្យឃ្លាំងស្តុក និងការប្រមូលរក្សាទុកកសិផល។ ២. សហគមន៍កសិករទទួល​ឥណទានពីគម្រោង សម្រាប់ដាំ និងថែទាំដំណាំស្វាយចន្ទី នៅស្រុកត្បែងមានជ័យ។ ៣. សហគមន៍រម្យទមសាមគ្គីមានជ័យ ពិនិត្យវឌ្ឍនភាពផលិតកម្ម និងការចូលរួមរបស់សមាជិក។ ៤. សហគមន៍បន្លែសុវត្ថិភាពបស្សម្កាក់ ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ ពិនិត្យការអនុវត្តផលិតកម្មតាមស្តង់ដារ CamGAP។ ៥. កសិដ្ឋានបង្កាត់ពូជមាន់ នៅស្រុកប្រាសាទបល័ង្ក ពិនិត្យវឌ្ឍន​ភាពផលិតកម្ម និងលទ្ធផលនៃការគាំទ្រពីគម្រោង។

ក្នុងឱកាសនោះ អ្នកចូលរួមបានចូលរួមពិភាក្សា លើកឡើងពី​សំណូម​ពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹង​ការអនុវត្តគម្រោង និងកម្មវិធី CERC ដើម្បីស្វែងរកដំណោះ​ស្រាយសមស្រប និងធានាឱ្យការគាំទ្រឆ្លើយតបទៅ​នឹងតម្រូវ​ការរបស់សហគមន៍ និងគ្រួសារទទួលផលប្រកប​ដោយប្រសិទ្ធ​ភាព។

លោក ហ៊ាន វណ្ណហន ក៏បានណែនាំ​ឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងកិច្ចសហការគ្នា ត្រៀមលក្ខណៈសម្រាប់ការអនុវត្តសកម្មភាពឱ្យបានរលូន និង​មានប្រសិទ្ធភាព ព្រមទាំងធានាឱ្យការជ្រើសរើសអ្នក​ទទួល​ផលអនុវត្តតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយ​ផ្តោតលើគ្រួសារ និងកសិករដែលមានតម្រូវការ សក្តានុពល និងការប្តេជ្ញាចិត្តពិតប្រាកដ៕