លោក ហ៊ាន វណ្ណហន លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា និងជាសហប្រធានគណៈកម្មការដឹកនាំគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង CaWSIP-MAFF និងផ្សព្វផ្សាយអំពីការរៀបចំអនុវត្តកម្មវិធី CERC នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពគម្រោងក្នុងតំបន់គោលដៅស្រុកជាំក្សាន្ត និងផ្សព្វផ្សាយអំពីគោលបំណង វិសាលភាព និងការរៀបចំអនុវត្តកម្មវិធី CERC។ កម្មវិធីនេះនឹងគាំទ្រសកម្មភាពសំខាន់ៗ ដូចជា ផលិតកម្មបន្លែសុវត្ថិភាព ការដាំផ្សិត ការចិញ្ចឹមមាន់ កង្កែប ប្រព័ន្ធស្រោចស្រពដោយថាមពលព្រះអាទិត្យ និងវារីវប្បកម្ម។ CERC ផ្តោតលើការពង្រឹងកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ការតភ្ជាប់ទីផ្សារ ការពង្រឹងជីវភាពគ្រួសារងាយរងគ្រោះ និងសមត្ថភាពក្រុមកសិករ។ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកំណត់ជាតំបន់គោលដៅដោយមានអ្នកទទួលផលប៉ាន់ស្មានប្រមាណ ៥០០គ្រួសារ។

លើសពីនេះ ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង ACSEP នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រធានគម្រោង មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ក្រុមការងារបានចុះពិនិត្យសរុប ៥ទីតាំង រួមមាន៖១. សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ ពិនិត្យឃ្លាំងស្តុក និងការប្រមូលរក្សាទុកកសិផល។ ២. សហគមន៍កសិករទទួលឥណទានពីគម្រោង សម្រាប់ដាំ និងថែទាំដំណាំស្វាយចន្ទី នៅស្រុកត្បែងមានជ័យ។ ៣. សហគមន៍រម្យទមសាមគ្គីមានជ័យ ពិនិត្យវឌ្ឍនភាពផលិតកម្ម និងការចូលរួមរបស់សមាជិក។ ៤. សហគមន៍បន្លែសុវត្ថិភាពបស្សម្កាក់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពិនិត្យការអនុវត្តផលិតកម្មតាមស្តង់ដារ CamGAP។ ៥. កសិដ្ឋានបង្កាត់ពូជមាន់ នៅស្រុកប្រាសាទបល័ង្ក ពិនិត្យវឌ្ឍនភាពផលិតកម្ម និងលទ្ធផលនៃការគាំទ្រពីគម្រោង។

ក្នុងឱកាសនោះ អ្នកចូលរួមបានចូលរួមពិភាក្សា លើកឡើងពីសំណូមពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹងការអនុវត្តគម្រោង និងកម្មវិធី CERC ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងធានាឱ្យការគាំទ្រឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងគ្រួសារទទួលផលប្រកបដោយប្រសិទ្ធភាព។
លោក ហ៊ាន វណ្ណហន ក៏បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងកិច្ចសហការគ្នា ត្រៀមលក្ខណៈសម្រាប់ការអនុវត្តសកម្មភាពឱ្យបានរលូន និងមានប្រសិទ្ធភាព ព្រមទាំងធានាឱ្យការជ្រើសរើសអ្នកទទួលផលអនុវត្តតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដោយផ្តោតលើគ្រួសារ និងកសិករដែលមានតម្រូវការ សក្តានុពល និងការប្តេជ្ញាចិត្តពិតប្រាកដ៕




