ក្រុមអ្នកស្រាវជ្រាវមកពីបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ លាន់មាត់សរសើរមិនដាច់ពីមាត់ ក្រោយឃើញវត្តមានសត្វផ្សោតមេគង្គកម្ពុជា នៅខេត្តក្រចេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ រួមមានប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីបានឃើញផ្ទាល់ភ្នែកនូវវត្តមានសត្វផ្សោតទន្លេមេគង្គ របស់កម្ពុជា នៅក្នុងតំបន់កាំពី ស្ថិតក្នុងខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនេះ ក្រុមអ្នកជំនាញអន្តរជាតិបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសម្បូរបែបនៃជីវៈចម្រុះ និងប្រព័ន្ធអេកូឡូហ្ស៊ីដ៏មានជីជាតិរបស់ទន្លេមេគង្គក្នុងទឹកដីកម្ពុជា។ ពួកែគេបានគូសបញ្ជាក់ថា ប្រព័ន្ធអេកូឡូហ្ស៊ីនៅតំបន់នោះមានលក្ខណៈល្អប្រសើរខ្លាំង ដែលអាចផ្តល់ជាជម្រកដ៏សុខសាន្ត និងមានសុវត្ថិភាពខ្ពស់ សម្រាប់ថនិកសត្វទឹកសាបដ៏កម្រ និងកំពុងរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោកមួយប្រភេទនេះ។

ការស្ងើចសរសើរពីសំណាក់ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ទាំងនេះ មិនត្រឹមតែបង្ហាញពីតម្លៃជាសកលនៃសត្វផ្សោតទន្លេមេគង្គកម្ពុជានោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ និងការការពារពូជសត្វដ៏កម្រនេះឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលអ្នកជំនាញមកពី ៥ប្រទេស ចូលរួមសិក្ខាសាលា​ពិគ្រោះ​​យោបល់ ស្ដីពី «ការរៀបចំគោលការណ៍ណែនាំថ្នាក់​តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផល​ទន្លេមេគង្គ»។

លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូស​បញ្ជាក់ថា អាងទន្លេមេគង្គ និងបឹងទន្លេសាប គឺជាប្រព័ន្ធអេកូ​ឡូស៊ីទឹកសាបដ៏មានឥទ្ធិពល និងជាប្រភពអាហាររូបត្ថម្ភ​យ៉ាង​សំខាន់ ដែលទ្រទ្រង់ជីវភាពប្រជាជនរាប់លាននាក់។ ទោះជា​យ៉ាង​ណាក៏ដោយ ធនធានទាំងនេះកំពុងរងសម្ពាធយ៉ាងខ្លាំង​ពីការនេសាទហួសកម្រិត ការបាត់បង់ជម្រកពងកូន និងការប្រែ​ប្រួលអាកាសធាតុ។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មថា បញ្ហានេះពុំអាចដោះ​ស្រាយ​ដោយប្រទេសណាមួយតែឯកឯងបានឡើយ ពោលគឺត្រូវ​តែមានយន្តការ និងគោលការណ៍ណែនាំថ្នាក់តំបន់រួមមួយ ដែល​ឆ្លើយ​តបទៅនឹងបញ្ហាជាក់ស្តែង។