ទីភ្នាក់ងារ FBI កំពុងបើកការស៊ើបអង្កេតទៅលើករណីជួលបុគ្គលិកផ្នែកព័ត៌មានវិទ្យាកូរ៉េខាងជើងម្នាក់ឲ្យចូលក្នុងទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក តាមរយៈការធ្វើការពីចម្ងាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

ប្រភពដដែលបានរាយការណ៍កាលពីថ្ងៃទី១១ ខែសីហា ដោយដកស្រង់សម្តីលោក Todd Hemmen អនុប្រធានជំនួយការទទួលបន្ទុកផ្នែកសមត្ថភាពតាមអ៊ីនធឺណិតរបស់ FBI ថា ទីភ្នាក់ងារនេះទើបតែបានកំណត់អត្តសញ្ញាណបុគ្គលិកផ្នែកព័ត៌មានវិទ្យាកូរ៉េខាងជើងម្នាក់ដែលធ្វើការពីចម្ងាយ នៅក្នុងជួររដ្ឋាភិបាលអាមេរិក។
លោក Hemmen បានមានប្រសាសន៍ថា ៖”យើងកំពុងស៊ើបអង្កេតបញ្ហានេះយ៉ាងហ្មត់ចត់។ និយាយឲ្យត្រង់ទៅ ខ្ញុំយល់ថាវាជារឿងគួរឲ្យងឿងឆ្ងល់ ព្រោះខ្ញុំមិនសូវស្គាល់នីតិវិធីរបស់ទីភ្នាក់ងារនេះទេ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Hemmen ហាក់មិនបានបញ្ចេញឈ្មោះទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកណាមួយដែលបានជួលវិស្វករផ្នែកព័ត៌មានវិទ្យាកូរ៉េខាងជើងដោយច្រឡំនេះនៅឡើយនោះទេ។ បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើបុគ្គលិករូបនេះ បានធ្វើឲ្យប៉ះពាល់ដល់ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកណាមួយ ឬថាតើរូបគេបានលួចព័ត៌មានសម្ងាត់ណាមួយឬអត់នោះឡើយ។
គួរជម្រាបជូនថា ទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពរបស់បុគ្គលិកផ្នែកព័ត៌មានវិទ្យាកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Yonhap សកម្មភាពទាំងនេះត្រូវបានគេជឿថាមានគោលបំណងបង្កើតរូបិយប័ណ្ណបរទេសដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ៕

