អាមេរិក ច្រលំជួលបុគ្គលិក IT កូរ៉េខាងជើងម្នាក់ ឲ្យចូលមកធ្វើការក្នុងជួររដ្ឋាភិបាល

អន្តរជាតិ

ទីភ្នាក់ងារ FBI កំពុងបើកការស៊ើបអង្កេតទៅលើករណីជួលបុគ្គលិកផ្នែកព័ត៌មានវិទ្យាកូរ៉េខាងជើងម្នាក់ឲ្យចូលក្នុងទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក តាមរយៈការធ្វើការពីចម្ងាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបាន​រាយការណ៍​កាលពី​ថ្ងៃទី១១ ខែសីហា ដោយ​ដកស្រង់​សម្តី​លោក Todd Hemmen អនុប្រធាន​ជំនួយការ​ទទួលបន្ទុក​ផ្នែក​សមត្ថភាព​តាម​អ៊ីនធឺណិត​របស់ FBI ថា ទីភ្នាក់ងារ​នេះ​ទើបតែ​បាន​កំណត់​អត្តសញ្ញាណ​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ម្នាក់​ដែល​ធ្វើការ​ពីចម្ងាយ​ នៅក្នុង​ជួររដ្ឋាភិបាល​អាមេរិក។

លោក Hemmen បាន​មានប្រសាសន៍ថា ៖”យើង​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់។ និយាយ​ឲ្យ​ត្រង់ទៅ ខ្ញុំ​យល់ថា​វា​ជា​រឿង​គួរឲ្យ​ងឿងឆ្ងល់ ព្រោះ​ខ្ញុំ​មិនសូវ​ស្គាល់​នីតិវិធី​របស់​ទីភ្នាក់ងារ​នេះ​ទេ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Hemmen ហាក់​មិនបាន​បញ្ចេញ​ឈ្មោះ​ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិកណាមួយ​ដែល​បាន​ជួល​វិស្វករ​ផ្នែក​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ដោយ​ច្រឡំ​នេះនៅឡើយនោះទេ។ បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹង​ច្បាស់​ទេ​ថា ​តើ​បុគ្គលិក​រូបនេះ​ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិក​ណាមួយ ឬ​ថា​តើ​រូបគេ​បាន​លួច​ព័ត៌មាន​សម្ងាត់​ណាមួយ​ឬ​អត់នោះឡើយ។

គួរជម្រាបជូនថា ទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​កំពុង​បង្កើន​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​កូរ៉េខាងជើង។ យោងតាម​សារព័ត៌មាន Yonhap សកម្មភាព​ទាំងនេះ​ត្រូវបាន​គេ​ជឿថា​មាន​គោលបំណង​បង្កើត​រូបិយប័ណ្ណ​បរទេស​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេសនេះ៕​