លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញដីកាសម្រេចបញ្ចប់តំណែង នាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំងពីររូប ក្រោយកើតរឿងមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងបង្គោលភ្លើងសូឡា នៅឃុំទឹកហូ ស្រុករលាប្អៀរ តម្លៃដល់ ៨លានរៀលក្នុងមួយដើម។

តាមរយៈដីកាលេខ ០៧៧/២៦ ដ.ក. នាយកទីចាត់ការទាំងពីររូប ដែលបញ្ចប់តំណែងនេះ រួមមាន៖
ទី១៖ លោក ហង្ស ពិសី បញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
ទី២៖ លោក វ៉ាន់ ថេន បញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា វិធានការទណ្ឌកម្មវិន័យខាងលើនេះ គឺបន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងមន្ត្រីពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់ ព្រមទាំងចាត់វិធានការវិន័យឬទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុត៕






