កសិករចិញ្ចឹមជ្រូកនៅខាងស្រុកបាធាយម្នាក់ ងាកមកចាប់មុខរបរឡើងវិញក្រោយរងការខាតបង់ធ្ងន់ធ្ងរ

សង្គម​និង​សេដ្ឋកិច្ច


ក្រោយពីមុខរបរចិញ្ចឹមជ្រូករងការខាតបង់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិកនៅពេលកន្លងទៅ អ្នកស្រី ម៉ែន មុនី ដែលមានទីតំាងនៅខាងស្រុកបាធាយ ខេត្តកំពង់ចាមបានងាកមក ចាប់យកមុខរបរចិញ្ចឹមជ្រូករបស់ខ្លួនឡើងវិញនៅមុនពេលដែលរាជរដ្ឋាភិបាលបង្ហាញការយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាម អ្នកស្រី ម៉ែន មុនី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះអ្នកស្រី ចាប់ផ្តើមចិញ្ចឹមជ្រូកចំនួន២០ក្បាលឡើងវិញបានរយៈពេល១ខែហើយ  តែនៅមានការព្រួយបារម្ភក្នុងចិត្តនៅឡើយក្លាចជ្រូកមានជំងឺ ក៏ដូចជានៅមិនទាន់មានភាពជឿជាក់នៅឡើយ ទាក់ទងនិងតម្លៃជ្រូករស់នៅទីផ្សារនាពេលខាងមុខ បើទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញវិធានការសំខាន់មួយចំនួនឱ្យមន្ត្រីពាក់ព័ន្ធមានយកចិត្តទុកដាក់មកលើវិស័យចិញ្ចឹមសត្វកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នំា២០២៣។

អ្នកស្រី ម៉ែន មុនី  បានឱ្យដឹងថា « ការដាក់ជ្រូកចិញ្ចឹមឡើងវិញនៅពេលនេះ ខ្ញុំនៅមិនទាន់មានក្តីសង្ឃឹមថា១០០% ថានឹងអាចបានផលចំណេញពីមុខរបរចិញ្ចឹមជ្រូកនេះដែរ។ ប៉ុន្តែក្នុងចិត្តមានការត្រេកអរ នៅពេលដឹងថាសម្តេចធិបតី ហ៊ុន ម៉ាណែត មានអនុសាសន៍ឱ្យមានការទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកមកពីខាងក្រៅ ព្រោះតំាងពីចាប់ផ្តើមមុខរបរចិញ្ចឹមជ្រូកអស់រយៈជាច្រើនឆ្នំាមក គ្រួសារមិនដែលទទួលបាននូវភាពរីកចម្រើនពីរបរនេះនៅឡើយទេ»។

បើតាមអ្នកស្រី ម៉ែន មុនី  ការចាប់ចិញ្ចឹមជ្រូកជំទើឡើងវិញចំនួន២០ក្បាល ដែលក្នុងមួយក្បាលមានតម្លៃប្រមាណ៤០ម៉ឺនរៀលនេះ ដើមទុនរបស់អ្នកស្រីគឺបានពីការលក់ត្រីប្រា ចិញ្ចឹមនៅក្នុងស្រះ  ហើយប្រសិនបើវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានដំណើរការឡើងវិញនៅពេលខាងមុខ អ្នកស្រីគ្រោងដាក់ជ្រូកចិញ្ចឹមចំនួន២០ក្បាលថែមទៀត  ប៉ុន្តែវិស័យចិញ្ចឹមសត្វនៅតែមិនមានដំណើរមិនល្អនោះទេ ត្រូវលក់ជ្រូកទំាងអស់ចេញ ហើយឈប់ចិញ្ចឹម។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងថាវិស័យឯកជនបានស្នើសុំឱ្យមានការពង្រឹងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ដែលមានតម្លៃថោក និងមានគុណភាពទាបដែលធ្វើឱ្យចិញ្ចឹមសត្វក្នុងស្រុកមិនអាចទទួលបានដោយស្មើភាពនិងអាចប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព ការពារសុខភាពរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ៖ ទី១)- ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងឱ្យបានម៉ាត់ចត់នៅការហាមនាំចូលម្ហូប ចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយ សាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី ខុសច្បាប់ មកព្រះរាជាណាចក្រកម្ពុជា,ទី២)- កំណត់ច្រកទ្វារព្រំដែនដែលអនុញ្ញាតឱ្យវៀតណាម ការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យការនាំចូលខុសច្បាប់ផ្សេងៗ និងទី៣)- ធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៧ អនក្រ.បក ស្តីពីការដាក់ឱ្យប្រើប្រាស់ បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំសិលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី សំដៅធានាពិនិត្យគុណភាពនិងការពារសុខភាពរបស់ប្រជាជន ស្របទៅតាមបទដ្ឋានគតិយុត្តិជាធរមាន ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយ សម្រាប់ស្រួលដល់ការស្នើសុំលិខិតអនុញ្ញាតឱ្យបានលឿន»។ អត្ថបទ៖ សារេត