រដ្ឋមន្ត្រីព័ត៌មាន៖ មានចំណុច២ ដែលអ្នកកាសែតកម្ពុជាមាន តែអ្នកកាសែតពិភពលោកមិនមាន

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មានចំណុច២ ដែលអ្នកកាសែតកម្ពុជាមាន តែពិភពលោកមិនមានដូចអ្នកកាសែតកម្ពុជានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឳកាសនោះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា« សម្រាប់អ្នកកាសែតកម្ពុជា មានពីរចំណុចដែលប្រទេសដទៃក្នុងសកលលោកមិនមាននោះទេ គឺទី១៖ នៅក្នុងបរិបទកូវីដប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ ដែលបានផ្ដល់អាទិភាពចាក់វ៉ាក់សាំងឱ្យអ្នកកាសែត ស្មើនឹងអ្នកបម្រើការងារជួរមុខ»។ ចំណែកឯចំណុចទី២វិញ គឺជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកកាសែត ដែលប្រទេសផ្សេងៗមិនមានការជួបជុំបែបនេះនោះឡើយ ហើយជំនួបនេះគឺជាឱកាសមួយដែលអង្គភាពសារព័ត៌មាន មានឱកាសក្នុងការដាក់សំណើទៅរាជរដ្ឋាភិបាលផងដែរ»។ 

ជាងនេះទៀត រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ បានអះអាងថា អ្នកកាសែតកម្ពុជា ហាក់មានសំណាងជាងគេ ដែលពិភពលោកមិនមាន ព្រោះថា នៅប្រទេសកម្ពុជា មានសមាគមសារព័ត៌មានច្រើនជាងគេនៅលើពិភពលោក ដែលមានចំនួនរហូតដល់ទៅ៥៣សមាគមឯណោះ ខណៈប្រទេសគេមានតែ២ទៅ៣ប៉ុណ្ណោះ។ 

គួរបញ្ជាក់ដែរថា កម្មវិធីសន្និសីទថ្នាក់ជាតិនេះ មានអ្នកចូលរួមសរុបប្រមាណ២៥០រូប មកពីក្រសួងព័ត៌មាន អ្នកនាំពាក្យក្រសួង និងស្ថាប័ននានា អង្គការយូណេស្កូ ស្ថានទូត អង្គការសង្គមស៊ីវិល និស្សិតសផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសិក្ខាកាមសារព័ត៌មានផងដែរ។ យ៉ាងណា ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ក៏បានអះអាងទៀតថា រាជរដ្ឋាភិបាល តែងចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមគ្រប់ជ្រុង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕