យុទ្ធសាស្ត្រចំនួន៦ នេះនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដក្លាយជាប៉ូលសេដ្ឋកិច្ចទី៤

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា សម្រេចកំណត់ដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាកំណត់ទិសដៅយុទ្ធសាស្រ្តទី១ កំណត់តំបន់អាទិភាព សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ទី២ ការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ទី៣ ពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស ទី៤ ការផ្សព្វផ្សាយ និងការពង្រឹងរូបភាពវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ទី៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធអន្តរវិស័យគ្រាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ទី៦ ការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគិរីក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមានខេត្តមណ្ឌលគិរីជាស្នូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានបញ្ជាក់ដែរថា បំណងប្រាថ្នាសំខាន់របស់ផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កាស្រស់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ ដូច្នេះខេត្តមណ្ឌលគិរីត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលបញ្ហាប្រឈមថ្មីៗក្នុងពិភពលោក ដូចជាភាពតានតឹងនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងហេតុការណ៍ដែលកើតឡើងឥតគ្រោងទុក ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ជាដើម ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។

ឯកឧត្ដម ថោង ខុន គូសបញ្ជាក់ថា ផែនការមេនេះនឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕