ក្រុមហ៊ុនមួយ នឹងដាក់ដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក់ល្បីនៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ។នេះបើយោងតាមជំនួបពិភាក្សារវាង ​សម្ដេច​​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ជាមួយ លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. កាលថ្ងៃ ១៨ ខែ​សីហា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាស​នោះ លោក​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ​បញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ហើយ​ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ​ និងដំឡើងរថយន្តនេះ បានសាងសង់រួចរាល់​ និងបាន​ចាប់ផ្តើមដំណើរការបឋម​ នាពេលថ្មីៗនេះ។

លោកបន្ត​ថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្ត​ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕អត្ថបទ​​៖ហ្សាលីន