លោកបណ្ឌិត គី សិរីវឌ្ឍន៍ ដឹកនាំធ្វើកម្មវិធីបេះដូងសប្បុរសធម៌មូលនិធិអប់រំកុមារ ចុះចែកអំណោយដល់សិស្សានុសិស្ស និងគ្រូបង្រៀននៅសាលាបឋមសិក្សា ជីវភាព ស្ថិតនៅ ឃុំអណ្តូងពោធិ៍ ខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ ព្រមទាំងក្រុមគ្រួសារ និងក្រុមសប្បុរសជនស្ម័គ្រចិត្ត បានចំណាយធនធាន និងពេលវេលាផ្ទាល់ខ្លួន ចុះបេសកកម្មមនុស្សធម៌នាំយកអំណោយសប្បុរសធម៌ ទៅចែកជូនដោយផ្ទាល់ដៃដល់សិស្សានុសិស្ស និងគ្រូបង្រៀន នៅសាលាបឋមសិក្សា ជីវភាព ស្ថិតក្នុងឃុំអណ្តូងពោធិ៍ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពនេះស្ថិតក្រោម «កម្មវិធីបេះដូងសប្បុរសធម៌មូលនិធិអប់រំកុមារ» ដែលជាផលសម្រេចបានពីការចូលរួមបរិច្ចាគយ៉ាងសកម្មពីសំណាក់សប្បុរសជនជិតឆ្ងាយតាមរយៈបណ្តាញសង្គម។ នៅក្នុងឱកាសនោះ ក្រុមការងារបានប្រគល់សម្ភារសិក្សាចំនួន ១១២ ឈុត ជូនដល់សិស្សានុសិស្សសរុបចំនួន ១១២ នាក់ (ស្រី ៥២ នាក់) ព្រមទាំងបានចែកជូនអង្ករចំនួន ២៨ ការ៉ុង ដល់ក្មួយៗសិស្សានុសិស្សដែលមានជីវភាពជួបការលំបាកខ្វះខាតខ្លាំងចំនួន ២៨ នាក់ (ស្រី ១៣ នាក់) និងបានរៀបចំអំណោយលើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ៧ នាក់ (ស្រី ៥ នាក់) ផងដែរ។

តំណាងឱ្យមូលនិធិអប់រំកុមារ លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមក្នុងកិច្ចការងារសង្គមមួយនេះ ធ្វើឱ្យបេសកកម្មជួយជ្រោមជ្រែងវិស័យអប់រំនៅតំបន់ជនបទសម្រេចបានជោគជ័យតាមការរំពឹងទុក។ មូលនិធិក៏បានបួងសួងជូនពរដល់សប្បុរសជនទាំងអស់ ឱ្យបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា មូលនិធិអប់រំកុមារ ហៅកាត់ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមដំបូងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធាន និងលោក យិន សំបូរ និពន្ធនាយកសារព័ត៌មាន ឧកញ៉ាញ៉ូស៍ ជាអនុប្រធានមូលនិធិ។

បេសកកម្មរបស់មូលនិធិជួយវិស័យអប់រំនេះ គឺកៀរគរថវិកា និងជំនួយសប្បុរសធម៌នានា យកទៅប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា។ ជាពិសេស ដើម្បីគាំទ្រ និងលើកទឹកចិត្តក្មួយៗសិស្សានុសិស្ស កុំឱ្យពួកគាត់បោះបង់ការសិក្សា ក៏ដូចជាខ្នះខ្នែងបន្តស្វែងរកអាហារូបករណ៍ តាមសាកលវិទ្យាល័យ នានាជូនក្មួយៗកុមារ ដែលប្រឹងប្រែងរៀនសូត្រ ចប់ថ្នាក់បាក់ឌុប តែខ្វះលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ ថែមទៀតផង៕