ប្រធានព្រឹទ្ធសភាជាតិ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការយល់ឃើញថា មេក្លោងនៅពីក្រោយការបិទព្រំដែនកម្ពុជា-ថៃ គឺលោក ថាក់ ស៊ីន នេះឯង ខណៈសម្តេចតេជោ ក៏បានស្នើឱ្យមេដឹកអាស៊ាន និងពិភពលោក ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើងពាក់ព័ន្ធនេះនាពេលកន្លងមកផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដូចការលើកឡើងរបស់សម្តេចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។
សម្តេចតេជោ បន្តថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿ ងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។
ដូច្នេះ សម្តេចតេជោ ក៏សូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។
បន្ថែមពីនេះ សម្តេចតេជោថា កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖«ក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ ស៊ីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។តាមការយល់របស់ខ្ញុំ ថាក់ស៊ីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ ស៊ីន នេះឯង។ កម្ពុជាកំដរលេងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះដួលរលំមុនពេលល្បែងលេងចប់»។
ប្រហែលជាពេលណាមួយសម្តេចត្រូវចំណាយពេលប្រហែលជាង៣ម៉ោងដើម្បីសម្តេចនិយាយពីរឿង ថាក់ ស៊ីន ដែលសម្តេចបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ ស៊ីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះសម្តេចផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។
សម្រាប់សម្តេច សម្តេចថា មិនចម្លែកទេក្នុងការដែល ថាក់ ស៊ីន ក្បត់ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំសម្តេចជាតិសាសន៍ផ្សេង ថាក់ ស៊ីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់សម្តេច សុំយោបល់សម្តេច មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។
ជាថ្មីម្តងទៀត សម្តេចថា បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឱ្យច្បាស់យ៉ាងម៉េចបើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕ អត្ថបទ៖ហ្សាលីន

