អន្តរស្ថាប័ន ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំអន្តរស្ថាប័នចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

លោកបានឱ្យដឹងដែរថា ពិធីបើកការដ្ឋានសាងសង់ខាងលើនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី។ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

គួររម្លឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាល ថានឹងជួយលើកកម្ពស់ការតភ្ជាប់ផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ជំរុញវិស័យធនធានទឹក កសិកម្ម ទេសចរណ៍ និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕ អត្ថបទ៖ហ្សាលីន