សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានវ៉ាដាច់លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដើម្បីក្លាយជាអ្នកមានបំផុតទីប្រាំពីររបស់ពិភពលោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Ellison បានកើនឡើង ២,៩ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប កើនឡើងដល់ ១៩០,៦ពាន់លានដុល្លារ ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង ២,៦% ដល់ប្រហែល ១៥១ដុល្លារក្នុងមួយហ៊ុន កាលពីដើមសប្តាហ៍នេះ។
ដោយឡែកទ្រព្យសម្បត្តិរបស់លោក Jensen Huang វិញ បានធ្លាក់ចុះអស់ជិត ៤ពាន់លានដុល្លារ មកនៅត្រឹមប្រហែល ១៨៧,៨ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានធ្លាក់ចុះអស់ប្រហែល ២,៦% ។
យ៉ាងណាមិញ មហាសេដ្ឋីបច្ចេកវិទ្យាទាំងពីររូបនេះ កំពុងត្រូវបាននាំមុខដោយលោក Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៥៦,២ពាន់លានដុល្លារ ខណៈពេលដែលលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ឈរលេខរៀងទីប្រាំមួយ ជាមួយនឹងទ្រព្យសម្បត្តិសរុប ២០៥,៨ពាន់លានដុល្លារ។
គួរជម្រាបជូនថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅតែជាអ្នកមានបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបលើសពី ៨០០ពាន់លានដុល្លារ៕

