រ៉ូយ៉ាល់ គ្រុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Marriott International ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Marriott International, Inc. ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា នៅឆ្នាំ២០៣២ តាមរយៈគម្រោង The Ritz-Carlton​ Phnom Penh និង The Ritz-Carlton Residences Phnom Penh ដែលនឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោថ្មីមួយនៅចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងនេះរំពឹងថា នឹងមានសណ្ឋាគារ The Ritz-Carlton ថ្មីមួយដែលមានបន្ទប់សរុប ១៥២ បន្ទប់ ព្រមទាំងលំនៅឋានប្រណីតក្រោមម៉ាកយីហោ The Ritz-Carlton ចំនួន ១១៩ យូនីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh កំពុងត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Royal Group International ដែលជាសមាជិកនៃ ក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនវិនិយោគពោរពេញយុទ្ធសាស្ត្រឈានមុខគេមួយរបស់កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង​ ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រត្តិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានសហការជាមួយក្រុមហ៊ុន Marriott International ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកកាន់ប្រទេសកម្ពុជាជាលើកដំបូង»។

លោកបានបន្តថា៖ «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងបន្តផ្តល់អាទិភាពដល់ការផ្លាស់ប្តូរទីក្រុង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់  វិស័យបដិសណ្ឋារកិច្ច និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ គម្រោងដ៏សំខាន់នេះ នឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ និងជានិមិត្តរូបមួយក្នុងចំណោមទីតាំងសំខាន់ៗបំផុតលើផ្ទៃដីនៃរាជធានីភ្នំពេញ ព្រមទាំងជានិមិត្តរូបនៃភាពរីកចម្រើន និងវិបុលភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។ គម្រោងសណ្ធាគារThe Ritz-Carlton Phnom Penh នឹងផ្តល់សេវាកម្ម និងបទពិសោធន៍ដ៏ប្រណីតសម្រាប់អ្នកដំណើរអភិជន ដែលចង់បានសេវាកម្មលំដាប់ខ្ពស់មកពីជុំវិញពិភពលោក ខណៈដែល គម្រោងThe Ritz-Carlton Residences Phnom Penh នឹងតំណាងឱ្យការរស់នៅប្រកបដោយភាពប្រណីតបំផុត។ ខ្ញុំបាទទន្ទឹងរង់ចាំការបន្តសហការជាមួយក្រុមហ៊ុន Marriott ដើម្បីធ្វើឱ្យគម្រោងដ៏អស្ចារ្យនេះក្លាយជាការពិត»។

លោក Brad Edman អនុប្រធានប្រចាំទីផ្សារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ នៃ Marriott International បានមានប្រសាសន៍ថា៖ «ម៉ាកសញ្ញា The Ritz-Carlton ជាម៉ាកសញ្ញាដែលតំណាងដល់គោលដៅដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងមានភាពទាក់ទាញយូរអង្វែង ហើយរាជធានីភ្នំពេញបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសក្តានុពល និងភាពរស់រវើក ដែលយើងស្វែងរកនៅក្នុងទីក្រុងដ៏អស្ចារ្យនានាក្នុងពិភពលោក»។ លោកបានបន្តថា៖ «តាមរយៈការរួមបញ្ចូលទីតាំងដ៏ល្អឥត

ខ្ចោះនៅចំកណ្តាលទីក្រុង ជាមួយនឹងសេវាកម្មដ៏ល្បីល្បាញ ការរចនាប្រកបដោយភាពទំនើប ព្រមទាំងការប្រមូលផ្តុំនូវបន្ទប់ស្នាក់នៅរបស់សណ្ឋាគារ និងលំនៅឋានក្រោមម៉ាកយីហោដ៏លេចធ្លោមួយនោះគឺ The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh ហើយបានរំពឹងថា នឹងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅប្រកបដោយភាពប្រណីត និងលើកតម្កើងវិស័យបដិសណ្ឋារកិច្ចនៅក្នុងរាជធានីភ្នំពេញ»។

ស្ថិតនៅទីតាំងដ៏មានសក្តានុពលលេចធ្លោតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាមហាវិថីសំខាន់មួយក្នុងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ សណ្ឋាគារ The Ritz-Carlton Phnom Penh និង គម្រោង The Ritz-Carlton Residences Phnom Penh​ គ្រោងថានឹងក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ដែលរួមបញ្ចូលទាំងអគារការិយាល័យលំដាប់ Grade A ផងដែរ។ នៅពេលបើកដំណើរការ ភ្ញៀវក្នុងសណ្ឋាគារ និងអ្នករស់នៅ នឹងទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទាក់ទាញផ្នែកវប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី ដូចជា ផ្សារធំថ្មី ព្រះបរមរាជវាំង និងសារមន្ទីរជាតិកម្ពុជា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់រាជធានីភ្នំពេញ ស្ថិតនៅចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រប៉ុណ្ណោះ។

គម្រោង The Ritz-Carlton Phnom Penh នឹងមានបន្ទប់ស្នាក់នៅប្រណីតៗចំនួន ១៥២ បន្ទប់ ដែលផ្តល់ទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ និងទន្លេមេគង្គ។ ការរចនាក៏រួមបញ្ចូលនូវអាងហែលទឹក Infinity Pool នៅខាងក្រៅ មជ្ឈមណ្ឌលហាត់ប្រាណដែលបំពាក់ដោយសម្ភារៈទំនើបៗ ក៏មានផងដែរ The Ritz-Carlton Spa ព្រមទាំងភោជនីយដ្ឋាន និងកន្លែងទទួលភ្ញៀវចំនួន ៥ ដែលរួមមាន Sky Bar និង Club Lounge ឯកជនផ្តាច់មុខ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅប្រកបដោយភាពប្រណីត និងសុខុមាលភាពកម្រិតខ្ពស់ដល់អ្នកទីក្រុង។ សម្រាប់អ្នករៀបចំកិច្ចប្រជុំ គម្រោងនេះត្រូវបានរំពឹងថា នឹងមានទីតាំងសម្រាប់សន្និសីទ និងពិធីជប់លៀងដែលមានផ្ទៃក្រឡាសរុបប្រមាណ ១,៧០០ ម៉ែត្រការ៉េ រួមទាំង Grand Ballroom ដ៏ប្រណីត ដែលនឹងផ្តល់នូវទីតាំងដ៏ស័ក្តិសមសម្រាប់ការរៀបចំសន្និសីទសាជីវកម្ម និងពិធីមង្គលការដ៏ពិសេសដែលមិនអាចប្រៀបផ្ទឹមបាន។

ចាប់ពីជាន់ទី ៣០ ដល់ជាន់ទី ៦០ នៃអគារ The Ritz-Carlton Residences Phnom Penh នឹងក្លាយជាគម្រោងលំនៅឋានក្រោមម៉ាកយីហោប្រណីត Ultra-Luxury ដំបូងគេបង្អស់នៅកម្ពុជា ដោយកំណត់ស្តង់ដារថ្មីសម្រាប់បដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ និងការរស់នៅប្រណីតដែលផ្តោតលើសុខុមាលភាព។ គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់ជូនជម្រើសលំនៅឋានចម្រុះសម្រាប់កម្មសិទ្ធិឯកជន រួមមានយូនីតដែលមាន ២ បន្ទប់គេង ៣ បន្ទប់គេង និង ៤ បន្ទប់គេង។ ផែនការនៃគម្រោងក៏រួមបញ្ចូលលំនៅឋានឌុយប្លិច (Duplex) ដ៏ធំទូលាយចំនួន ៤ យូនីត និងផេនហោស៍ (Penthouses) ដ៏អស្ចារ្យចំនួន ៩ យូនីត ដែលផ្តល់នូវផ្ទៃរស់នៅដ៏ធំទូលាយ ការរចនាដ៏ពិសេស និងទេសភាពបែបប៉ាណូរ៉ាម៉ាដ៏ធំទូលាយ ជាពិសេសទេសភាពដ៏អស្ចារ្យដែលអាចមើលឃើញចំណុចប្រសព្វនៃទន្លេចតុមុខ ដែលជាទីតាំងដ៏ល្បីល្បាញរបស់រាជធានីភ្នំពេញ។ បរិក្ខារ និងសេវាកម្ម សម្រាប់អ្នកស្នាក់នៅត្រូវបានរចនាឡើងដោយបានគិតគូរដល់បទពិសោធន៍នៃការចូលមកដល់អគារ ដោយមានកន្លែងទទួលភ្ញៀវដាច់ដោយឡែក ព្រមទាំងបរិក្ខារលំដាប់ពិភពលោកជាច្រើន រួមមាន Residence Lounge  បណ្ណាល័យ និងកន្លែងធ្វើការរួមគ្នា (Co-working Space) អាងហែលទឹក កន្លែងក្មេងលេង កន្លែងទទួលទានអាហារ និងកម្សាន្តបែបឯកជន ឧបករណ៍ហាត់វាយកូនហ្គោល (Golf Simulator) និងសេវាកម្មប្រណីតៗជាច្រើនទៀត។

អំពីក្រុមហ៊ុន The Ritz-Carlton Hotel Company, LLC

ផ្តល់ជូននូវស្តង់ដារសេវាកម្មដ៏ប្រណិតឈានមុខគេនៅតាមគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពជុំវិញពិភពលោក ក្រុមហ៊ុន The Ritz-Carlton Hotel Company LLC បច្ចុប្បន្នមានសណ្ឋាគារចំនួន ១២៥ នៅក្នុងប្រទេសនិងដែនដីចំនួន ៣៧។ ចាប់ពីគោលដៅទីក្រុងដ៏ល្បីល្បាញ រហូតដល់តំបន់ស្រស់ស្អាតដូចឋានសួគ៌លើដីដ៏ល្អឯកនានានៅជុំវិញពិភពលោក The Ritz-Carlton ផ្តល់ជូននូវបទពិសោធន៍សម្រាកលំហែដ៏ពិសេស ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានបើទោះជាពួកគេបានត្រឡប់ទៅផ្ទះវិញ។ ដោយប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតដែលបានគិតគូរវែងឆ្ងាយ និងមានអត្ថន័យ The Ritz-Carlton បានពង្រីកម៉ាកសញ្ញារបស់ខ្លួនតាមរយៈម៉ាកសញ្ញាដ៏មានភាពច្នៃប្រឌិតពីរទៀត គឺ Ritz-Carlton Reserve និង The Ritz-Carlton Yacht Collection។ Ritz-Carlton Reserve គឺជាប្រភេទនៃអចលនទ្រព្យដ៏កម្រនិងពិសេស ស្ថិតនៅដាច់ដោយឡែកពីពិភពលោក ដែលការយកចិត្តទុកដាក់តាមតម្រូវការផ្ទាល់ខ្លួន និងការស្វែងយល់យ៉ាងស៊ីជម្រៅអំពីវប្បធម៌ក្នុងតំបន់ ដែលជាចំណុចផ្តោតដ៏សំខាន់បំផុត។ ចំណែក The Ritz-Carlton Yacht Collection នាំយកសេវាកម្ម និងបដិសណ្ឋារកិច្ចដ៏ល្បីល្បាញរបស់ម៉ាកយីហោនៅតាមមាត់សមុទ្រ ដោយបង្កើតនូវទស្សនៈថ្មីចំពោះបទពិសោធន៍ជិះទូកកម្សាន្តប្រណីតកម្រិតខ្ពស់បំផុត។ ព័ត៌មានបន្ថែមចូលទៅកាន់ www.ritzcarlton.com (http://www.ritzcarlton.com/) សម្រាប់ព័ត៌មានថ្មីៗចុងក្រោយ ចូលទៅកាន់ news.marriott.com (http://news.marriott.com/) ចូលរួមសន្ទនា #RCMemories ហើយចុច follow លើFacebook (https://www.facebook.com/ritzcarlton/), X (https://x.com/RitzCarlton), និង Instagram (https://www.instagram.com/ritzcarlton/)​។ ក្រុមហ៊ុន The Ritz-Carlton Hotel Company, L.L.C. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Marriott International, Inc. (NASDAQ:MAR)។ The Ritz-Carlton មានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃ Marriott Bonvoy® ដែលជាកម្មវិធីធ្វើដំណើរទូទាំងពិភពលោករបស់ Marriott International។ កម្មវិធីនេះផ្តល់ជូនសមាជិកនូវបណ្តុំម៉ាកយីហោលំដាប់ពិភពលោកដ៏អស្ចារ្យ និងបទពិសោធន៍ផ្តាច់មុខ Marriott Bonvoy Moments (https://moments.marriottbonvoy.com/) ព្រមទាំងអត្ថប្រយោជន៍ដ៏ពិសេសដែលមិនអាចប្រៀបផ្ទឹមបាន រួមមានការស្នាក់នៅដោយឥតគិតថ្លៃ និងការទទួលស្គាល់ស្ថានភាពសមាជិក Elite។ ដើម្បីចុះឈ្មោះចូលជាសមាជិកដោយឥតគិតថ្លៃ ឬសម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមចូលទៅកាន់ marriottbonvoy.com (https://www.marriott.com/loyalty.mi)។ The Ritz-Carlton ប្តេជ្ញាចិត្តក្នុងការគាំទ្រដល់គោលដៅនានាដែលខ្លួនប្រតិបត្តិការ តាមរយៈកម្មវិធី Community Footprints ដែលជាកម្មវិធីរបស់ក្រុមហ៊ុនស្តីពីការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន។



អំពីក្រុមហ៊ុន Marriott International

ក្រុមហ៊ុន Marriott International, Inc. (Nasdaq: MAR) មានទីស្នាក់ការកណ្តាលនៅទីក្រុង Bethesda រដ្ឋ Maryland សហរដ្ឋអាមេរិក និងមានបណ្តុំម៉ាកយីហោដ៏ទាក់ទាញជាច្រើននៅក្នុងប្រភេទសេវាកម្មប្រណីត កម្រិត Premium កម្រិត Select កម្រិត Midscale សម្រាប់ការស្នាក់នៅរយៈពេលវែង និងសេវាកម្មស្នាក់នៅបែប All-Inclusive។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមហ៊ុនមានអចលនទ្រព្យជាង ១០,០០០ កន្លែង នៅក្នុងប្រទេស និងដែនដីចំនួន ១៤៨។ Marriott ធ្វើអាជីវកម្មតាមរយៈការផ្តល់សិទ្ធិអាជីវកម្ម (franchise) ប្រតិបត្តិការដោយផ្ទាល់ និងការផ្តល់អាជ្ញាបណ្ណលើផលិតផល និងសេវាកម្មស្នាក់នៅជាច្រើនប្រភេទ រួមមានសណ្ឋាគារ លំនៅដ្ឋាន កម្មសិទ្ធិសម្រាប់ស្នាក់នៅតាមរយៈ Timeshare ទូកកម្សាន្ត កន្លែងស្នាក់នៅបែប Outdoor និងផលិតផលស្នាក់នៅប្រភេទផ្សេងៗទៀត នៅទូទាំងពិភពលោក។ ក្រុមហ៊ុនក៏ផ្តល់ជូន Marriott Bonvoy® ដែលជាវេទិកាធ្វើដំណើរដ៏ល្បីល្បាញ និងទទួលបានពានរង្វាន់ជាច្រើនរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើងនៅ www.marriott.com (https://www.marriott.com/) សម្រាប់ព័ត៌មានថ្មីៗបំផុតរបស់ក្រុមហ៊ុន សូមចូលទៅកាន់www.marriottnewscenter.com (https://www.marriottnewscenter.com/)។ លើសពីនេះ សូមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមរយៈ Facebook (https://www.facebook.com/marriottinternational/) និង @MarriottIntl លើ X (https://x.com/MarriottIntl) និង Instagram (https://www.instagram.com/marriottintl/).

អំពីក្រុមហ៊ុន  Royal Group

បង្កើតឡើងក្នុងឆ្នាំ ១៩៩១ Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងកាន់កាប់អាជីវកម្មយុទ្ធសាស្ត្រឈានមុខគេរបស់កម្ពុជា និងជាក្រុមសាជីវកម្មអាជីវកម្មដ៏សកម្ម និងមានភាពចម្រុះឈានមុខមួយរបស់កម្ពុជា។ អស់រយៈពេលជាងបីទសវត្សរ៍មកនេះ Royal Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតតម្លៃក្នុងរយៈពេលវែង។

បណ្តុំអាជីវកម្មចម្រុះរបស់ Royal Group គ្របដណ្តប់លើវិស័យជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង វិនិយោគ ទូរគមនាគមន៍ អគ្គិសនី និងថាមពល ដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត សុខាភិបាល សណ្ឋាគារ និងរីសត អប់រំ អភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មលក់រាយ។

ដោយឈរលើការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត ឧត្តមភាពក្នុងប្រតិបត្តិការ និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ Royal Group បន្តអភិវឌ្ឍសហគ្រាសឈានមុខក្នុងវិស័យនានា ដែលរួមចំណែកដល់វឌ្ឍនភាពរបស់កម្ពុជា ខណៈពេលដែលបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់ភាគីពាក់ព័ន្ធ ដៃគូ អតិថិជន និងសហគមន៍។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ Royal Group: https://www.royalgroup.com.kh/