ប្រធានាធិបតីថ្មីរបស់ប្រទេសកូឡុំប៊ី កំពុងអំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្អាកការយកពន្ធគយនាំចូល ១២,៥% លើទំនិញរបស់ប្រទេសខ្លួន ដើម្បីគាំទ្រដល់អាជីវកម្មដែលកំពុងជួបការលំបាកដោយសារតែគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Abelardo de la Espriella ប្រធានាធិបតីថ្មីរបស់ប្រទេសកូឡុំប៊ី បានសរសេរនៅលើបណ្តាញសង្គម ដោយសំដៅទៅលើការហៅទូរស័ព្ទរបស់លោក ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែសីហាថា ៖”ខ្ញុំបានស្នើសុំឱ្យគាត់ពិចារណាផ្អាកការយកពន្ធខ្ពស់ដែលប៉ះពាល់ដល់ផលិតផលកូឡុំប៊ី ដើម្បីផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មរបស់យើង ដែលកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតដោយសារតែការរញ្ជួយដី”។
គួរឲ្យដឹងថា ពន្ធរបស់សហរដ្ឋអាមេរិកលើផលិតផលកូឡុំប៊ីបានកើនឡើងពី ១០% ដល់ ១២,៥% នៅចុងខែកក្កដា លើកលែងតែទំនិញមួយចំនួនរួមទាំងកាហ្វេ និងប្រេង។ ពន្ធទាំងនេះបានចូលជាធរមាននៅថ្ងៃទី២៤ ខែកក្កដា ដោយជំនួសពន្ធសកលដែលផុតកំណត់ដែលប្រធានាធិបតី ត្រាំ បានដាក់កាលពីដើមឆ្នាំនេះ។
លោក De la Espriella បាននិយាយទៀតថា លោកបាននិយាយជាមួយលោក ត្រាំ ប្រហែល ១០នាទីជុំវិញការស្នើសុំនេះ។ ហើយប្រធានាធិបតីអាមេរិក បានសម្តែងការចូលរួមរំលែកទុក្ខដល់ប្រទេសកូឡុំប៊ីចំពោះការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៤ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ។
គួរជម្រាបជូនផងដែរថា គ្រោះរញ្ជួយដីដ៏មហន្តរាយដី បានបំផ្លិចបំផ្លាញទីក្រុង Cali និង Pereira នៅភាគខាងលិចប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សជិត ៣០០ នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងសរុបអស់ជិត ១៣ ០០០ ខ្នង៕

